មឿន សុខហ៊ុច និង ឈឿន ឆៃដែន ប៉ះអ្នកប្រយុទ្ធឆ្លងដែនថៃ ថ្ងៃសៅរ៍នេះ!

នូ មករា January 3, 2019


ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា ២រូបបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីប្រកួតជាមួយអ្នកប្រដាល់ថៃនៅលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍នារសៀលថ្ងៃទី៥ ខែមករាខាងមុខ។ នៅក្នុង ឈឿន ឆៃដែន មកពីក្លិបនិរោធន៍មានជ័យនឹងត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃ ឆាយ ឡេក (Chhay Lek) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ ចំពោះ ឆៃដែន បានបាត់មុខពីសង្វៀនអាស៊ីអាគ្នេយ៍យូរដែរហើយពេលនេះគេបានលេចមុខមកវិញជាមួយនឹងក្ដីសង្ឃឹមខ្ពស់ក្នុងការប្រជែងគ្នាយកជ័យជម្នះថែមទៀត។

ជាអ្នកប្រដាល់ដែលចូលចិត្តប្រើកែង និងជង្គង់ដើម្បីផ្ដួលគូប្រកួតនោះ អ្នកប្រយុទ្ធរូបនេះបានសម្ងំត្រាំពឹសមួយរយៈពេលវែងគ្រាន់បើដែរ ហើយសម្រាប់ការបង្ហាញមុខលើកនេះគេជឿថា ឆៃដែន នឹងមានអ្វីកាន់តែអស្ចារ្យជាងមុនជាមិនខានឡើយជាមួយនឹងប្រវត្តិប្រកួតចំនួន៧១ដង ឈ្នះ៦០ដង និងចាញ់១១ដង។ ចំពោះអ្នកប្រដាល់ថៃ ឆាយ ឡេក វិញនេះគឺជាលើកដំបូងហើយដែលគេធ្វើដំណើរមកប្រកួតនៅស្រុកខ្មែរហើយមិនមាននរណាដឹងថាអ្នកប្រដាល់ថៃរូប
នេះខ្លាំងឬខ្សោយនោះទេ សូម្បីរបៀបវាយយ៉ាងណាៗក៏មិនមានអ្នកដឹងដែរ គ្រាន់តែដឹងថាគេមានប្រវត្តិប្រកួតចំនួន៦១ដង ឈ្នះ៥៤ដង និងចាញ់៧ដង ។ យ៉ាងណាក៏ដោយ អ្នកប្រដាល់ថៃរូបនេះបានបោះសំដីមកថាគេត្រូវតែស្ពាយជ័យជម្នះត្រឡប់ទៅវិញជាដាច់ខាត។

ចំណែក មឿន សុខហ៊ុច មកពីក្លិបពុទ្ធសេរីវង្សក៏ត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃឈ្មោះ ផាឆត ណាគ្រីន (Phat Nakrin) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ ផាត ណាគ្រីន ក៏ពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរដែរ ប៉ុន្តែមានការបញ្ជាក់ថា រូបគេគឺជាអ្នកប្រដាល់ដែលប្រើជើងទាត់បានល្អ និងមានកណ្ដាប់ដៃធ្ងន់ ដោយមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៨ដង និងចាញ់១១ដង។ ចំពោះ សុខហ៊ុច វិញនៅស្រុកខ្មែរនរណាក៏ទទួលស្គាល់ថាគេជាអ្នកប្រដាល់លំដាប់កំពូលមួយរូបក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ជាពិសេសអ្នកប្រដាល់ដែលមានអាវុធសម្បូរបែប មានចិត្តធំ ដោយមួយរយៈនេះច្រើនតែជួបនឹងជ័យជម្នះជាប់រហូត។ សុខហ៊ុច មានប្រវត្តិប្រកួតចំនួន១៥១ដង ឈ្នះ១២៤ដង ចាញ់២២ដងស្មើពិន្ទុ៥ដង។ ចាំមើល តើកីឡាករថៃទាំង ២រូបអាចតស៊ូជាមួយអ្នកប្រដាល់គុនខ្មែរបានដែរឬទេ?
អត្ថបទ៖ វ៉ាន្នី

មតិយោបល់