ជើងខ្លាំង MMA ចាន់ រតនា ប្តេជ្ញាប្រឹងប្រែងដណ្តើមជ័យជម្នះជូនជាតិកម្ពុជា

នូ មករា December 29, 2018


ភ្នំពេញ៖ អ្នកប្រដាល់ក្បាច់គុនចម្រុះ MMA ចាន់ រតនា នៅមិនទាន់បានដឹងពីប្រមូល និងមើលវីដេអូអំពីសមត្ថភាពរបស់ដៃគូប្រកួតនៅឡើយទេគ្រាន់តែបានដឹងថា គេគេជាកីឡាករបរទេសដែលមកពីប្រទេសកូឡំប៊ីខណៈដែលការប្រកួតរបស់ពួកគេទាំងពីរនឹងចាប់ផ្ដើមប្រកួតនាល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះក្នុងព្រឹត្តិការណ៍អបអរសាទរពិធីសម្ពោធវិមានអនុស្សាវរីយ៍ ឈ្នះ-ឈ្នះ និងខួបលើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។


សូមបញ្ជាក់ថា មុននឹងឈានដល់ការប្រកួតលើកចុងក្រោយរបស់គេសម្រាប់ឆ្នាំនេះ ចាន់ រតនា បានធ្វើឱ្ជនយបរទេសជាច្រើនបានស្គាល់និងដឹងថាកម្ពុជាមានសមត្ថភាពខ្លាំងកម្រិតណានៅក្នុងការប្រកួតលើសង្វៀន ONE Championship ដោយកាលពីដើមខែធ្នូកន្លងទៅនេះ រូបគេបានយកឈ្នះកីឡាករឥណ្ឌូណេស៊ី Abro Fernandes ក្នុងទឹកទី២ នៅទឹកដីនៃប្រទេសម៉ាឡេស៊ី ហើយក៏ជាជ័យជម្នះលើកទី៥ ក្នុងអាជីពជាកីឡាករក្បាច់គុនចម្រុះ MMA ហើយក៏ជាជ័យជម្នះលើកទី៤ ក្នុងទ្រុង ONE Championship ផងដែរ (ការសរុបប្រកួត ៨ដង)។

សម្រាប់ការប្រកួតនាថ្ងៃនេះវិញ ចាន់ រតនា បានផ្ដល់បទសម្ភាសន៍ឱ្យ Camsports តាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីយប់មិញនេះថា៖ “ខ្ញុំមិនស្គាល់ដៃគូប្រកួតខ្ញុំឡើយ គឺដឹងត្រឹមតែគេមកពីប្រទេសកូឡំប៊ី តែទោះបីយ៉ាងណាខ្ញុំនឹងខំឱ្យអស់ពីសមត្ថភាពដើម្បីកម្ពុជា។ សម្រាប់ការប្រកួតនៅលើសង្វៀន ខ្ញុំមិនដែលខ្វល់រឿងប្រកួតទៅខ្លាចចេញនោះទេ គឺខ្ញុំគិតតែមួយមុខប៉ុណ្ណោះ គឺដើម្បីឈ្នះ និងយកកិត្តិយសជូនជាតិ។”

គួរបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នេះក៏នឹងមានកីឡាករកម្ពុជាយើងជាច្រើនរូបទៀតដែលត្រូវប្រកួតជាមួយនឹងកីឡាករបទេស ដូចជាកីឡាករ ឃីម ឌីម៉ា, ឡៅ ចន្ទ្រា, ធឿន ធារ៉ា, ផល សោភ័ណ្ឌ, រឿង សោភ័ណ្ឌ, មឿន សុខហ៊ុច, ពេជ្រ ម្ទេសខ្មាំង និង វង្ស ណយ ជាដើម។ ការប្រកួតនឹងរៀបចំនៅពហុកីឡដ្ឋានមរតកតេជោចាប់ពីថ្ងៃទី២៨ រហូតដល់ទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដែលនេះជាឱកាសដ៏អស្ចារ្យសម្រាប់អ្នកនិយមតាមដាន និងស្រលាញ់កីឡាប្រដាល់គុនខ្មែរចូលរួមទស្សនាដោយសេរីដើម្បីអបអរឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី២០១៩៕


អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់