ជីវិតលើសង្វៀន! អ្នកប្រដាល់ជាង ១ពាន់នាក់រងរបួសធ្ងន់-ស្រាលក្នុងឆ្នាំ២០១៨នេះ

នូ មករា December 27, 2018


ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែធ្នូ ម្សិលមិញនេះ សហព័ន្ធប្រដាល់គុនខ្មែរ និងបណ្ដាស្ថានីយទូរទស្សន៍ដូចជា៖ បាយ័ន, CBS (ដែលគ្រប់គ្រងទូរទស្សន៍ចំនួន៣គឺ CNC, CTN និង MYTV), អាស៊ីគ្នេយ៍ បានឯកភាពគ្នាដោះស្រាយវិបត្តិមួយចំនួនពិសេសលើការផ្គូរផ្គងដែលតែងតែកើតមានកន្លងមក។ កិច្ចប្រជុំនេះធ្វើឡើងដោយមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរដោយមានការចូលរួមធ្វើជាសាក្សីពីបណ្ដាញឃោសនាក្នុងស្រុកមួយចំនួនទៀតផង។

គួររំលឹកថា កន្លងមកមានអ្នកប្រដាល់ខ្លះក្នុងពេលតែមួយមានឈ្មោះប្រកួតដល់ទៅ ២សង្វៀនក៏មានដែរ ហើយកត្តានេះបានធ្វើឲ្យស្ថានីយទូរទស្សន៍នីមួយៗមានការមិនសប្បាយចិត្តនឹងគ្នា ប៉ុន្តែបន្ទាប់ពីមានការជជែកគ្នាដោយការយោគយល់មកស្ថានីយទូរទស្សន៍ទាំងអស់ដែលមានសង្វៀនប្រដាល់បានឯកភាពគ្នាធ្វើឲ្យអ្នកទស្សនាកាន់តែមើលឃើញពីការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជួយលើកកម្ពស់ជីវភាពអ្នកប្រដាល់ឲ្យបានកាន់តែប្រសើរ។

បើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន នៅក្នុងឆ្នាំ២០១៨នេះ អ្នកប្រដាល់ដែលរងរបួសនៅក្នុងពេលប្រកួតគឺរបួសស្រាល (បែកឈាម រយះចិញ្ចើមលើផ្ទៃមុខ) មានចំនួន ១៣៤៤នាក់ ចំណែករបួសធ្ងន់ដូចជាភ្លាត់ឆ្អឹង កដៃ បាក់ឆ្អឹងប្រអប់ដៃ ឬម្រាមដៃដោយសារការប្រកួតមានចំនួន ២៦នាក់។ លោកបានពន្យល់ថា របួសរហូតភ្លាត់ និងបាក់ឆ្អឹងនេះបណ្ដាលមកពីកត្តារុំបង់ការពារឆ្អឹងមិនបានល្អដែរនេះជាកំហុសក្លឹប និងគ្រូបង្វឹកតែម្ដងហើយរាល់របួសទាំងនេះសហព័ន្ធបានចំណាយលុយជួយអស់រហូតជាងមួយម៉ឺនដុល្លារក្នុងឆ្នាំ២០១៨នេះ ។ សូមបញ្ជាក់ដែរថា របួសទាំងនេះមិនបានរាប់បញ្ចូលទៅក្នុងគ្រោះថ្នាក់ចរាចរនានាដែលកើតឡើងក្រៅការប្រកួតនោះឡើយ។

លោកប្រមុខប្រដាល់គុនខ្មែរក៏បានសំណូមពរឲ្យបណ្ដាស្ថានីយទូរទស្សន៍នានាពិចារណាពីការបង្កើនប្រាក់តម្លៃខ្លួនដល់អ្នកប្រដាល់នាឆ្នាំខាងមុខនេះ ដោយលោកទទួលស្គាល់ថាប្រាក់តម្លៃខ្លួនមានការកើនឡើងជាប្រចាំហើយតែលោកចង់ឲ្យទូរទស្ន៍សពិចារណាបង្កើនបន្ថែមទៀតប្រសិនបើអាចធ្វើបាន។ ជាការឆ្លើយតប តំណាងស្ថានីយទូរទស្សន៍នានាបានសំណូមពរជាសំខាន់ដល់ ចៅក្រម អាជ្ញាកណ្ដាល ដែលដឹកនាំការប្រកួតត្រូវតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌ហើយក្នុងករណីមានសិស្សរបស់ខ្លួនប្រកួត តែជួបបរាជ័យគឺត្រូវតែហ៊ានទទួលស្គាល់ការពិត និងកុំបង្កបញ្ហាច្រើន៕
អត្ថបទ៖ វាន្នី

មតិយោបល់