អ្នកប្រដាល់ជើងចាស់បារាំងមួយរូបប្រកាសជួយបង្វឹកផ្នែកកម្លាំងកាយសម្បទាដល់កីឡាករកម្ពុជា

នូ មករា December 6, 2018


ភ្នំពេញ៖ អតីតអ្នកប្រដាល់ជនជាតិបារាំងមួយរូបបានបង្ហាញខ្លួននាល្ងាចថ្ងៃទី៣ ខែធ្នូនៅមជ្ឈមណ្ឌលហ្វឹកហាត់ប្រដាល់ជម្រើសជាតិកម្ពុជាក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាជាអ្នកនាំឲ្យអ្នកប្រដាល់បារាំងរូបនេះមកមើលការហ្វឹកហាត់របស់ក្រុមជម្រើសជាតិថ្នាលរបស់កម្ពុជា។  សូមបញ្ជាក់ថា ចំពោះកីឡាជម្រើសជាតិប្រដាល់សកលកំពុងបង្ហាត់ដោយ លោក វ៉ែន សុផល អមដោយគ្រូបង្វឹកជនជាតិគុយបាគឺលោក Rolando។

ទោះជាយ៉ាងណាក៏ លោក ប៊ូ ជុំសេរី បានបញ្ជាក់ថា អតីតកីឡាករបារាំង លោក Georges Tizon មានចេតនាជួយដល់ប្រដាល់កម្ពុជាពេលនេះដោយសារគាត់ស្រឡាញ់កម្ពុជាហើយគាត់មានចេតនាជួយផ្នែកហ្វឹកហាត់កម្លាំងដោយមិនប៉ះពាល់ដល់ផ្នែកបច្ចេកទេសឡើយ។  លោក Georges Tizon បានបញ្ជាក់ដែរថា ការហ្វឹកហាត់កម្លាំងលោកអាចជួយបានទាំងប្រដាល់សាកល ទាំងប្រដាល់គុនខ្មែរក្រៅពីហ្វឹកហាត់កម្លាំងលោកមិនអាចធ្វើអ្វីបានទេ។ ជាមួយគ្នានេះ លោក ម៉ិល កាដូ អគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែរ និងជាអនុប្រធានសហព័ន្ធប្រដាល់សកលកម្ពុជាបានបន្ថែមថា លោកនឹងយកបញ្ហាទាំងអស់នេះទៅពិភាក្សាជាមួយប្រធានសហព័ន្ធប្រដាល់ទាំង ២ តែលោកបានចាត់ទុកថានេះពិតជាដំណឹងល្អមួយ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់