ថ្នាក់ដឹកនាំប្រដាល់គុនខ្មែរ បកស្រាយការដាក់ទណ្ឌកម្មលើគ្រូបង្វឹក សាន សៅយ៉ាន់ និងកីឡាករ សុខ ធី

នូ មករា December 6, 2018


ភ្នំពេញ៖ ក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធប្រដាល់គុនខ្មែរបានសម្រេចដាក់វិន័យលើគ្រូបង្វឹក និងកីឡាករមួយរូបរយៈពេល៦ខែដោយសារតែមានកំហុសមិនអាចអត់ឱនឲ្យបាន។ លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ប្រធានក្រុមប្រឹក្សាវិន័យសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានចេញសេចក្ដីសម្រេចចំនួន២ផ្សេងគ្នាដែលសេចក្ដីសម្រេចទី១គឺដាក់វិន័យលើកីឡាករ សុខ ធី មកពីក្លិបសៅយ៉ាន់នាគាខេត្តបន្ទាយមានជ័យពីបទមិនគោរពបទបញ្ជាប្រកួត និងលោក សាន សៅយ៉ាន់ ដែលជាគ្រូបង្វឹកដោយពួកគេត្រូវជាប់ពិន័យរយៈពេល៦ខែដូចគ្នា។

គួររំលឹកថា ក្នុងការប្រកួតរវាងអ្នកប្រដាល់ សុខ ធី ជាមួយអ្នកប្រដាល់ថៃលើសង្វៀន CNC កាលពីថ្ងៃទី២៨ ខែតុលាកន្លងទៅ មានភាពចម្រូងចម្រាស់មួយគឺទាំងកីឡាករ សុខ ធី ទាំងលោក សាន សៅយ៉ាន់ បានប្រកាសមិនទទួលស្គាល់លទ្ធផលដែលចាញ់នោះឡើយ។ ជាមួយគ្នានេះពួកគេទាំង២ថែមទាំងបានប្រើនូវសំដីមិនសមរម្យដល់មន្ត្រីបច្ចេកទេសទៀតផង។ ជាមួយនឹងការមិនទទួលស្គាល់ពីលទ្ធផលនេះអ្នកប្រដាល់រូបនេះក៏បានបោះបង់ចោលការប្រកួតក្រោយៗទៀតខណៈដែលព្រឹត្តិការណ៍ខ្សែក្រវាត់នៅមិនទាន់បញ្ចប់នៅឡើយទេ។

លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានពន្យល់ថា បន្ទាប់ពីកើតមានព្រឹត្តិការណ៍នេះមកក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធរួមជាមួយរូបលោកបានពិនិត្យមើលឡើងវិញនូវវីដេអូប្រកួតរវាង សុខ ធី ជាមួយអ្នកប្រដាល់ថៃហើយក្រោយពីពិនិត្យយ៉ាងល្អិតល្អន់មកគឺ សុខ ធី ពិតជាចាញ់គូប្រកួតរបស់ខ្លួនមែន។ សូមបញ្ជាក់ថា សម្រាប់ លោក សាន សៅយ៉ាន់ ក្រុមប្រឹក្សាវិន័យសម្រេចផ្អាកការងារជាមន្ត្រីអាជ្ញាកណ្ដាល និងចៅក្រមរយៈពេល៦ ខែ ហើយក្រុមប្រឹក្សាវិន័យក៏បានព្រមានដែរថាសាមីខ្លួនត្រូវទទួលស្គាល់ពីកំហុសរបស់ខ្លួនខិតខំរៀនសូត្រអប់រំផ្លូវចិត្តឲ្យបានល្អនិងបន្តការសិក្សាអំពីបទបញ្ជាប្រកួតឲ្យបានច្បាស់លាស់ដើម្បីបានចូលរួមបំពេញភារកិច្ចនៅពេលខាងមុខ។ ចំណែកឯកីឡាករ សុខ ធី វិញត្រូវក្រុមប្រឹក្សាវិន័យផ្អាកការប្រកួតរយៈពេល៦ខែគ្រប់សង្វៀនប្រដាល់ទាំងអស់ដោយក្នុងនោះមានទាំងសង្វៀនក្នុងប្រទេស និងក្រៅប្រទេស។ អ្នកប្រដាល់រូបនេះក៏ទទួលនូវការព្រមានដូចគ្រូបង្វឹករបស់គេដែរគឺត្រូវស្វែងយល់ពីបទបញ្ជាឲ្យបានច្បាស់លាស់ និងអប់រំផ្លូវចិត្តឲ្យបានល្អ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់