អបអរសាទរ! មៀច សុខរ៉ា ក្លាយជាម្ចាស់ខ្សែក្រវាត់ Wurkz អមដោយប្រាក់រង្វាន់ ២០លានរៀល

នូ មករា December 3, 2018


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់ Wurkz រៀងរាល់រសៀលថ្ងៃអាទិត្យដែលបានចាប់ផ្ដើមទាំងពីថ្ងៃទី២៣ ខែកញ្ញាមកនោះបានបញ្ចប់ហើយនៅថ្ងៃទី២ ខែធ្នូម្សិលមិញដោយអ្នកប្រដាល់កម្ពុជា មៀច សុខរ៉ា មកពីក្លិបតាព្រហ្មមានជ័យបានយកឈ្នះអ្នកប្រដាល់ថៃ Keng Kat ដោយពិន្ទុទាំងប្រផិតប្រផើយជាទីបំផុតដើម្បីគ្រងជើងឯកខ្សែក្រវាត់នេះដោយក្នុងចំណោមចៅក្រម៥រូបមានចៅក្រម៣រូបផ្ដល់ពិន្ទុឲ្យ មៀច សុខរ៉ា ជាអ្នកឈ្នះនិងមាន២រូបផ្ដល់ពិន្ទុឲ្យ Keng Kat ឈ្នះវិញ។

នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រនេះ កីឡាករ Keng Kat មានរបួសលើចិញ្ចើមស្ដាំនៅទឹកទី៣ដោយសារកែងរបស់ សុខរ៉ា ខណៈដែល សុខរ៉ា ក៏ធ្លាប់ត្រូវអ្នកប្រដាល់ថៃនេះវាយឲ្យសន្លប់នៅទឹកទី២ ក្នុងវគ្គប្រកួតសន្សំពិន្ទុកន្លងមកដែរ ប៉ុន្តែលើកនេះគេបានយកឈ្នះវិញដោយពិន្ទុ។ ជ័យជម្នះនេះធ្វើឲ្យ សុខរ៉ា ក្លាយជាម្ចាស់ខ្សែក្រវាត់ដែលមានថវិកាអមចំនួន ២០.០០០.០០០រៀល ចំណែកឯ Keng Kat ដែលជាជើងឯករងនោះទទួលបានរង្វាន់ ១២.០០០.០០០រៀល ។ សូមញ្ជាក់ថា ការប្រកួតនេះមានអ្នកប្រដាល់កម្ពុជាចូលរួមចំនួន៤រូបគឺ ពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្ស, ជឹម ចិត្រារបស់ក្លិបខ្លារខិនមានរិទ្ធ, រឿង សារ័ត្ន មកពីក្លិបទ័ពឆ័ត្រយោង៩១១ និង មៀច សុខរ៉ា មកពីក្លិបតាព្រហ្មមានជ័យ។ ចំពោះអ្នកប្រដាល់ថៃក៏មាន៤រូបដែរគឺKev Kongwan,  Keng Kat, Kao Ah និង Pheach Arun ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់