នាគខ្មៅ ឃុន ឌីម៉ា ប៉ះជើងខ្លាំងថៃ​ លើសង្វៀនអាសុីអាគ្នេយ៍ចុងសប្តាហ៍នេះ!

នូ មករា November 30, 2018


ភ្នំពេញ៖ ម្ចាស់មេដាយមាសស៊ីហ្គេម ឃុន ឌីម៉ា មកពីក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញនឹងបង្ហាញខ្លួនលើសង្វៀន Boostrong Fighter on Fire របស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍នៅដើម្បីប្រកួតជាមួយអ្នកប្រដាល់ថៃ យុគ ភីត (Yoik Phit) ។ អ្នកប្រដាល់ទាំង២រូបនេះនឹងប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។ ឌីម៉ា ដែលកំពុងត្រៀមខ្លួនដើម្បីទទួលគូប្រកួតថ្មីមួយរូបទៀតដែលគេពុំធ្លាប់ស្គាល់នោះបាននិយាយថា នេះជាការប្រកួតដ៏ជក់ចិត្តមួយជាមិនខានប៉ុន្តែគេក៏មិនហ៊ានមើលស្រាលគូប្រកួតនោះទេព្រោះម្នាក់ៗសុទ្ធតែហ្វឹកហាត់ខ្លាំងដូចគ្នា។

បើតាម លោក ថៃ អ៊ូ ដែលជាអ្នកដឹកនាំអ្នកប្រដាល់ថៃមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះបានឱ្យដឹងថា លោកពុំធ្លាប់បានមើលការប្រកួតរបស់ យុគ ភីត នោះទេប៉ុន្តែគ្រូបង្វឹកនិងម្ចាស់ក្លិបរបស់គេបានប្រាប់លោកថា អ្នកប្រដាល់ថៃរូបនេះមិនខ្សោយទេ មួយយ៉ាងទៀត នៅស្រុកថៃក៏មានគេស្គាល់ ឌីម៉ា ច្រើនហេតុនេះគូប្រកួតរបស់ ឌីម៉ា គឺត្រូវតែប្រហាក់ប្រហែលគ្នា ។ សូមបញ្ជាក់ថា ឃុន ឌីម៉ា មានប្រវត្តិប្រកួតចំនួន១០១ដង ឈ្នះ៨៧ដង ចាញ់១២ដង និងស្មើពិន្ទុ ២ដង ។ ចំពោះអ្នកប្រដាល់ថៃ យុគ ភីត វិញមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៦៧ដង និង ចាញ់១១ដង។ នេះជាការងារធ្ងន់មួយទៀតសម្រាប់ ឌីម៉ា ដូចនេះតើគេមានសមត្ថភាពដណ្ដើមជ័យជម្នះបានដែរឬទេ?
អត្ថបទ៖ វ៉ាន្នី

មតិយោបល់