អ្នកប្រយុទ្ធ ទេស ជីវ៉ា ហក់មកសាកល្បងជាមួយអ្នកប្រដាល់ថៃសារជាថ្មីនៅចុងសប្តាហ៍នេះ

នូ មករា November 29, 2018


ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជា ទេស ជីវ៉ា មកពីក្លិបកងពលតូចលេខ៧០ដែលបានបាត់មុខពីទីសង្វៀនក្រោយរងបរាជ័យក្នុងការប្រកួតខ្សែក្រវាត់ជាលក្ខណៈអន្តរជាតិជាមួយថៃកាលពីប៉ុន្មានខែមុននោះបានលេចមុខមកសាកកណ្ដាប់ដៃជាមួយអ្នកប្រដាល់ថៃជាថ្មីនៅចុងសប្តាហ៍នេះនៅលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលនាថ្ងៃទី១ ខែធ្នូខាងមុខ អ្នកប្រដាល់កម្ពុជារូបនេះត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ ហា ឆ្លាម (Ha Chhlam) ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។​
 
គួរបញ្ជាក់ថា ហា ឆ្លាម គឺជាអ្នកប្រដាល់ថៃមួយរូបធ្លាប់មកប្រកួតនៅស្រុកខ្មែរ២-៣លើកមកហើយដោយរូបគេមានសមត្ថភាពមិនអន់ជាង ទេស ជីវ៉ា នោះទេ។ តាមពិតទៅ ជីវ៉ា គឺជាអ្នកប្រដាល់មួយរូបដែលមិនខ្សោយនោះទេប៉ុន្តែអ្នកប្រដាល់រូបនេះនៅពេលប្រកួតគេហាក់ដូចជាចង់ដណ្ដើមបានជ័យជម្នះឲ្យបានលឿនម្ល៉ោះហើយគេច្រើនវ៉ៃបំពានខ្លាំងទៅលើគូប្រកួតដែលធ្វើឲ្យគេជួបបរាជ័យទៅវិញ។ កីឡាករកម្ពុជា ទេស ជីវ៉ា មានប្រវត្តិប្រកួតចំនួន៧១ដង ឈ្នះ៥៣ដង ចាញ់១៦ដង និងស្មើពិន្ទុ២ដង ចំពោះ ហា ឆ្លាម វិញមានប្រវត្តិប្រកួតចំនួន៦២ដង ឈ្នះ៥២ដង និងចាញ់១០ដង៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់