TV5 Boxing Knock-Out Series: រកឃើញអ្នកឡើងជុំទី២ ជាបណ្តើរៗទៀតហើយ

នូ មករា November 28, 2018


ភ្នំពេញ៖ យុគ យក្សផ្លែ របស់ក្លិបបូរីរាជសីហ៍មានរិទ្ធប្រើពេលតែ២ទឹកតែប៉ុណ្ណោះធ្វើឲ្យអ្នកប្រដាល់ ឡុង ខេត្ត បង្ខំចិត្តលើកទង់ជ័យសនៅក្នុងព្រឹត្តិការណ៍ TV5 Boxing Knock-Out Series by K-Cement កាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកាកន្លងមក ។ ក្នុងការប្រកួតដែលមានត្រឹមតែ៣ទឹកនោះ យក្សផ្លែ បានប្រើយុទ្ធសាស្ត្រវាយរហ័សដើម្បីបានទទួលជ័យជម្នះដោយកណ្ដាប់ដៃរបស់គេបានធ្វើឲ្យ ឡុង ខេត្ត វង្វេងចំនួន២លើកនៅទឹកទី២ ហើយក៏ត្រូវអាជ្ញាកណ្ដាលរាប់៨ដែរ ។ ជាមួយនឹងការរាប់៨នៅក្នុងទឹកតែមួយបែបនេះអ្នកប្រដាល់ ឡុង ខេត្ត ក៏សុខចិត្តបោះបង់ចោលការប្រកួតក្នុង។ ដូចនេះ ឡុង ខេត្ត បានខ្ទាតចេញពីការប្រកួតនៅត្រឹមជុំទី១នេះតែម្ដង ចំពោះ យុគ យក្សផ្លែ ដែលទើបដណ្ដើមបានកៅអីបាននោះត្រូវត្រៀមខ្លួនដើម្បីប្រកួតជម្រុះនៅជុំទី២បន្តទៀត

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ សេន កុសល មកពីក្លិបមោងឬស្សីមរតកគុនខ្មែរបានយកឈ្នះអ្នកប្រដាល់ ម៉ន រិទ្ធី នៅក្លិបការិយាល័យទី៥កងទ័ពជើងគោកដោយពិន្ទុដាច់តែម្ដង ពោលគឺចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យ កុសល ឈ្នះគ្រប់ៗគ្នាគឺ៥ទល់០តែម្ដង ។ ហេតុនេះ កុសល ត្រូវប្រជែងឈ្នះកៅអីសម្រាប់ជុំទី២ ចំណែកឯ ម៉ន រិទ្ធី ត្រូវហាលអាវត្រឹមនេះ ។ គិតមកទល់ពេលនេះមានអ្នកប្រដាល់១០រូបហើយដែលហាលអាវហើយក៏មាន១០រូបដែរដែលបានកក់កៅអីសម្រាប់ប្រកួតជម្រុះបន្តនៅជុំទី២ទៀត៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់