ប្រដាល់គុនខ្មែរ ត្រៀមចម្រាញ់យកអ្នកខ្លាំងទៅស៊ីហ្គេមឆ្នាំ២០១៩នៅហ្វីលីពីន!

នូ មករា November 26, 2018


 ភ្នំពេញ៖ ខណៈដែលការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ កំពុងខិតចូលមកបណ្ដើរៗហើយនោះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានចេញសេចក្ដីប្រកាសមួយរបស់ខ្លួនកាលពីពេលថ្មីៗនេះស្ដីពីការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ នាចុងឆ្នាំនេះ ក្នុងគោលបំណងចម្រាញ់ជ្រើសរើសអ្នកមានសមត្ថភាពទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីននាឆ្នាំ២០១៩ ខាងមុខ។
សហព័ន្ធបានជូនដំណឹងដល់ក្លឹប និងសមាគមកីឡាប្រដាល់គុនខ្មែរទូទាំងប្រទេសត្រូវរួសរាន់ចុះឈ្មោះបញ្ចូនកីឡាករ-កីឡាការិនីខ្លួនមកចូលរួមឲ្យបានទាន់ពេល ប៉ុន្ដែឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធបានសង្កត់ធ្ងន់ថា ការចុះឈ្មោះដាច់ខាតក្លឹបនិងសមាគមទាំងអស់ត្រូវចម្រាញ់យកកីឡាករជើងខ្លាំងប្រចាំក្លឹបឬសមាគមរបស់ខ្លួនមកចូលរួមព្រោះឯកឧត្តមចង់ឲ្យមានការប្រកួតប្រជែងខ្លាំង ដើម្បីសម្រាំងបាននូវកីឡាករមានសមត្ថភាពពិតប្រាកដសម្រាប់ត្រៀមស៊ីហ្គេមឆ្នាំក្រោយ។

រីឯវិញ្ញាសាសហព័ន្ធត្រៀមដាក់ឲ្យប្រកួត រួមមានផ្នែកបុរស៖ ទម្ងន់ ៤៨គីឡូក្រាម, ៥១គីឡូក្រាម, ៥៤គីឡូក្រាម, ៥៧គីឡូក្រាម, ៦០គីឡូក្រាម, ៦៣.៥គីឡូក្រាម និងទម្ងន់ ៧៣គីឡូក្រាម ។ ផ្នែកនារី រួមមានទម្ងន់ ៤៨គីឡូក្រាម, ៥១គីឡូក្រាម, ៥៤គីឡូក្រាម, ៦០គីឡូក្រាម និងទម្ងន់ ៦៣.៥គីឡូក្រាម ហើយក្នុងប្រភេទទម្ងន់នីមួយៗ ក្លឹប សមាគម ក្រសួង រាជធានី ខេត្ត មានសិទ្ធិចម្រាញ់កីឡាករកម្រិតខ្ពស់របស់ខ្លួនបានតែ ១ម្នាក់គត់ សម្រាប់ចូលរួម ។ គួបញ្ជាក់ផងដែរថា ការប្រកួតនេះគ្រោងធ្វើឡើង ចាប់ពីថ្ងៃទី០៣-០៨ ខែធ្នូខាងមុខនៅតំបន់អភិវឌ្ឍន៍ស្កាយលែន ឃុំវិហារសួគ៌ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់