ឯម សុវណ្ណារី កូនកាត់ខ្មែរ-អាមេរិកឡើងសង្វៀន ONE FC លើកដំបូងដើមខែធ្នូនេះ

នូ មករា November 17, 2018


ភ្នំពេញ៖ បន្ទាប់ពីចុះកុងត្រាជាមួយនឹង ONE FC កាលពីឆ្នាំមុនកន្លងទៅនោះ អ្នកប្រដាល់ក្បាច់គុនចម្រុះ MMA កីឡាការិនីកម្ពុជាមានដើមកំណើតអាមេរិក ឯម សុវណ្ណារី នឹងបង្ហាញខ្លួនលើដំបូងរបស់ខ្លួនដោយប្រកួតប៉ះចំកីឡាការិនីរបស់ប្រទេសអ៊ុយក្រែន Iryna Kyselova ក្នុងទម្ងន់ ៥៦,៧ គីឡូក្រាម នៅប្រទេសម៉ាឡេស៊ី ពោលគឺថ្ងៃទី៧ ខែធ្នូខាងមុខនេះ។ សុវណ្ណារី ដែលមានកំណត់ត្រាឈ្នះក្នុង MMA ២ លើកពីការប្រកួតទាំង ២ លើករបស់ខ្លួននោះ មានជំនាញទាំងក្បាច់ប្រដាល់គុនខ្មែរ ក៏ដូចជាក្បាច់ក្លេ JiuJitsu មុននឹងនាងបានពង្រឹងសមត្ថភាព និងទេពកោសល្យរបស់ខ្លួនជាមួយនឹងស្នៀតចំបាប់ និងយូដូ។

កីឡាការិនីរូបនេះ បានឲ្យដឹងថា៖ «មកទល់ពេលនេះ ការហ្វឹកហាត់របស់ខ្ញុំកំពុងដំណើរការរលូន។ ខ្ញុំមានក្រុមដ៏ល្អបំផុតក្នុងការជួយត្រៀមលក្ខណៈ ដល់ខ្ញុំសម្រាប់ការប្រកួតធំបំផុតនៃអាជីពរបស់ខ្ញុំ»។សុវណ្ណារី បន្តថា៖ «សុបិនរបស់ខ្ញុំសម្រាប់អ្នកគាំទ្ររបស់ខ្ញុំគឺចង់ឲ្យពួកគេបន្តគាំទ្រឲ្យបានខ្លាំងក្លា ក៏ដូចជាគាំទ្រអ្នកប្រយុទ្ធផ្សេងទៀតក្នុងកម្រិតដូចគ្នា»។ ចំណែកគូប្រកួត របស់ សុវណ្ណារី វិញ គឺកីឡាការិនី Kyselova វ័យ ២៣ ឆ្នាំ ហើយនាង គឺជាអ្នកប្រយុទ្ធពោរពេញដោយបទពិសោធន៍ម្នាក់ ប៉ុន្តែកីឡាការិនី រូបនេះបានជួបការខកចិត្តក្នុងការបង្ហាញខ្លួនលើកទី ១ របស់នាងសម្រាប់កម្មវិធី ONE ក្រោយចាញ់កីឡាការិនី Michelle Nicolini ដោយស្នៀតក្លេក្នុងទឹកទី១ កាលពីដើមឆ្នាំនេះ។ បើតាមគេហទំព័ររបស់ ONE FC បានឱ្យដឹងថា កីឡាការិនីសញ្ជាតិអ៊ុយក្រែនរូបនេះ មានបទពិសោធច្រើនជាង សុវណ្ណារី ដោយមានកំណត់ត្រាឈ្នះដល់ទៅ ១០ លើក និងចាញ់ ៣ លើក ក្នុងការប្រកួត MMA ខណៈដែលនាងក៏មានជំនាញក្នុងកីឡាប្រដាល់សេរីក្បាច់គុនយូដូ និងចំបាប់ផងដែរ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់