អ្នកប្រយុទ្ធក្បាច់គុនចម្រុះកម្ពុជា មាស ម៉ើ ប៉ះជើងខ្លាំងហូឡង់នៅសិង្ហបុរីថ្ងៃទី៩ ខាងមុខ

នូ មករា November 6, 2018


ភ្នំពេញ៖ នៅសល់តែ៣ថ្ងៃទៀត ប៉ុណ្ណោះអ្នកប្រដាល់ក្បាច់គុនចម្រុះកម្ពុជា មាស ម៉ើ នឹងត្រូវប៉ះកីឡាកររបស់ប្រទេសហូឡង់ Anthony Engelen ក្នុងកម្មវិធីប្រដាល់របស់សង្វៀនដ៏ធំប្រចាំទ្វីបអាស៊ី ONE: HEART OF THE LION នៅប្រទេសសិង្ហបុរីដែលគ្រោងនឹងចាប់ផ្ដើមនាថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ ។ មាស ម៉ើ គឺជាកីឡាករប្រដាល់របស់កម្ពុជាដែលបានចូលរួមចំណែកលើកស្ទួយកេរ្តិ៍ឈ្មោះក្បាច់គុនខ្មែរនៅលើឆាកអន្តរជាតិក៏ដូចជាកីឡាករខ្លាំងៗជាច្រើននាក់ទៀតដែលរួមមាន រិន សារត្ន័ និង ស សី ជាដើមដែលបច្ចុប្បន្នកំពុងហ្វឹកហាត់នៅក្នុងក្លិបកីឡា Cambodia Top Team ដ៏ល្បីឈ្មោះមួយក្នុងរាជធានីភ្នំពេញ ។
ជើងខ្លាំងវ័យ ២៨ រូបនេះធ្លាប់ទទួលបានជ័យជម្នះ ៥លើកជាប់គ្នាក្នុងអាជីពប្រដាល់គុនចម្រុះគិតតាំងពីឆ្នាំ២០១៤ មកប៉ុន្តែការប្រកួតចុងក្រោយមិនទទួលបានលទ្ធផលល្អគួរជាទីគាប់ចិត្តនោះទេ រូបគេគឺជាសិស្សគុនរបស់ក្លឹបប្រដាល់ Cambodian Top Team ដែលមានទីតាំងក្នុងរាជធានីភ្នំពេញ ចំណែកឯកីឡាកររបស់ហូឡង់ Engelen វិញក៏មានមហិច្ឆិតាយកឈ្នះលើការប្រកួតនេះដូចគ្នាដើម្បីបង្អួតដល់ជនរួមជាតិរបស់គេដែរ។ តាមរយៈបទពិសោធន៍និងមហិច្ឆិតារបស់កីឡាករទាំងពីរនឹងធ្វើឲ្យការប្រកួតនេះទាក់ចិត្តអ្នកទស្សនាមិនខាន។
ជាមួយគ្នានេះដែរ អ្នកដែលស្នេហាវិស័យកីឡាវាយដាក់ទ្រុងនេះក៏កំពុងទន្ទឹងរង់ចាំទស្សនាជំនួបប្រកួតដ៏អស្ចារ្យ រវាងជើងឯកពិភពលោកចំនួន២គូទៀត គឺមានកីឡាការនីជើងឯកសញ្ជាតិអាមេរិក Angela Lee ដែលនឹងវាយដណ្តើមខ្សែក្រវាត់ក្នុងការប្រកួតទម្ងន់ស្រាលពីកីឡាការនីជនជាតិចិន Xiong Jing Nan និងកីឡាករជើងឯកពិភពលោកមកពីប្រេស៊ីល Bibiano Fernandes ដែលត្រូវឡើងសង្វៀនជាមួយជើងឯកពិភពលោកមកពីប្រទេសហ្វីលីពីន Kevin Belingon ក្នុងការប្រកួតប្រភេទទម្ងន់ Bantamweight ផងដែរ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់