CTN បើកសង្វៀនថ្មី “ជើងឯកគុនខ្មែរ Zorus” ប្រកួតជាលក្ខណៈម៉ារ៉ាតុងដណ្តើមលុយធំ

នូ មករា November 1, 2018


ភ្នំពេញ៖ ក្រុមហ៊ុន CBS ដែលគ្រប់គ្រងទូរទស្សន៍ចំនួន៣គឺម៉ាយ ធី វី- ស៊ី អិន ស៊ី និង ស៊ី ធី អិននោះបានប្រកាសបើកសង្វៀនថ្មីមួយទៀតដើម្បីប្រដាល់ជាលក្ខណៈម៉ារ៉ាតុងដើម្បីដណ្ដើមលុយធំ ។ សង្វៀនថ្មីនេះត្រូវបានប្រសិទ្ធិនាមថាជើងឯកគុនខ្មែរ Zorus ហើយសង្វៀនថ្មីនេះប្រកួតប្រកួតរៀងរាល់ព្រឹកថ្ងៃសៅរ៍ដោយចាប់ផ្ដើមពីថ្ងៃទី៣ ខែវិច្ឆិកាតទៅ ។​ ការប្រកួតរៀងរាល់ព្រឹកថ្ងៃសៅរ៍នេះគឺអ្នកប្រដាល់កម្ពុជា២រូបត្រូវតាំងជាមួយអ្នកប្រដាល់បរទេស២រូប ។ នេះបើតាមការបញ្ជាក់ឲ្យដឹងនៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១ ខែវិច្ឆិកានេះ ។

សូមបញ្ជាក់ថា ការប្រកួតមានតែ៣ទឹកប៉ុណ្ណោះអ្នកឈ្នះនៅជុំទី១ត្រូវប្រកួតផ្ដាច់ព្រ័ត្ររវាងអ្នកឈ្នះ និង អ្នកឈ្នះដូចគ្នា ។ អ្នកឈ្នះចុងក្រោយនឹងបានទទួលរង្វាន់ចំនួន ៤.០០០.០០០រៀល ចំពោះអ្នកចាញ់បានរង្វាន់ ២.០០០.០០០រៀល ។ សប្ដាហ៍នេះអ្នកប្រដាល់កម្ពុជា២រូបគឺ ឡុង សំណាង មកពីក្លិបសាលវ័ន្ដកីឡានិង វេង សុភ័ក្រ្ត របស់ក្លិបទ័ពឆ័ត្រយោង៩១១ ដោយពួកគេបានត្រៀមខ្លួនរួចហើយដើម្បីតតាំងជាមួយអ្នកប្រដាល់បរទេសនោះ ។ សម្រាប់អ្នកប្រដាល់បរទេសទាំង២រូបដែលត្រូវប្រកួតជាមួយអ្នកប្រដាល់កម្ពុជានោះនៅមិនទាន់ដឹងនៅឡើយទេ តែការប្រកួតនេះគឺធ្វើសម្រាប់ប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។ នៅចំពោះមុខ លោក គង់ ចំរើនរដ្ឋា ដែលជាប្រធានទីផ្សារក្រុមហ៊ុន CBS និងលោក គង់ ប៉ូ តំណាងក្រុមហ៊ុនភេសជ្ជៈ Zorus លោកឧត្តមសេនីយ៍ឯក តែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានប្រាប់ទៅមន្ត្រីបច្ចេកទេស និងអាជ្ញាកណ្ដាល-ចៅក្រមរបស់ខ្លួនឲ្យបំពេញតួនាទីដោយយុត្តិធម៌មិនប្រកាន់ជាតិសាសន៍អ្វីទាំងអស់ ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់