CNC ប្រកាសបើកសង្វៀន “សមរភូមិអធិរាជអ្នកប្រយុទ្ធគុនខ្មែរអន្តរជាតិ Gronsan”

នូ មករា October 26, 2018


 ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ស៊ី អិន ស៊ី (CNC) បានប្រកាសបើកសង្វៀនថ្មីមួយដែលត្រូវបានប្រសិទ្ធិនាមថា “សមរភូមិអធិរាជអ្នកប្រយុទ្ធគុនខ្មែរអន្តរជាតិ Gronsan” ។ ថ្លែងនៅក្នុងសន្និសីទសារពត៌មាននាព្រឹកថ្ងៃទី២៦ ខែតុលានេះ លោក ហួរ រតនៈ ប្រធានផ្នែកលក់ និងជាតំណាងស្ថានីយទូរទស្សន៍ស៊ី អិន ស៊ី បានអះអាងថានឹងធ្វើឲ្យការប្រកួតមួយនេះប្រព្រឹត្តិឡើងដោយរលូននិងជក់ចិត្តដិតអារម្មណ៍គ្រប់ការប្រកួតរាល់សប្ដាហ៍និងចប់ចុងចប់ដើម ។ សង្វៀនថ្មីនេះនឹងប្រកួតរៀងរាល់ល្ងាចថ្ងៃសុក្រចាប់ពីម៉ោង៥កន្លះល្ងាចទៅដោយក្នុងមួយសប្ដាហ៍ៗមានការប្រកួតជាលក្ខណៈអន្តរជាតិចំនួន២គូដែលជាគូល្អៗ។ យ៉ាងណាក៏ដោយ សង្វៀននេះមិនទាន់បង្កើតជាព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់ឡើយប៉ុន្តែជាការប្រកួតមិត្តភាពអន្តរជាតិ។

លោក ហួរ រតនៈ បានបន្តថាសង្វៀនសមរភូមិអធិរាជអ្នកប្រយុទ្ធគុនខ្មែរអន្តរជាតិនេះកើតឡើង ដោយសារការសហការគ្នារវាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង Gronsan ជាមួយស្ថាននីយទូរទស្សន៍ស៊ី អិន ស៊ី ព្រមទាំងក្រោមការគាំទ្រដ៏ពេញទំហឹងពីសំណាក់សហព័ន្ធប្រដាល់គុនខ្មែរ ។ លោក ម៉ិល កាដូ ដែលជាអគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែរបានសន្យាថា សហព័ន្ធនឹងលើកទឹកចិត្តដល់ក្លិបជាសមាជិកឲ្យបណ្ដុះបណ្ដាលកីឡាករវ័យក្មេងៗមានសមត្ថភាពឲ្យបានកាន់តែច្រើនព្រោះពេលនេះទីផ្សារប្រដាល់កាន់តែធំធេងហើយ ។ ជាមួយគ្នានេះ សម្រាប់សង្វៀនថ្មីនេះសហព័ន្ធនឹងផ្ដល់កីឡាករល្អៗដើម្បីឲ្យការប្រកួតកាន់តែមានភាពទាក់ទាញបន្ថែមទៀត ។ សូមបញ្ជាក់ថា នៅក្នុងសន្និសីទកាសែតនេះក៏មានការចូលរួមពីសំណាក់ លោក Kim Jung Hwi ដែលជាអគ្គនាយកក្រុមហ៊ុនគីម ឡាយអេង ដែលគ្រប់គ្រងលើភេសជ្ជៈ Gronsan ផងដែរ ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់