សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ប្តេជ្ញាពង្រឹងខ្លួនថែមទៀតទាំងក្នុង និងក្រៅស្រុក!

នូ មករា October 23, 2018


ភ្នំពេញ៖ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា (Cambodia Mixed Martial Arts Federation) ត្រូវបានប្រកាសបង្កើតជាលើកដំបូងនាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ បន្ទាប់ពីស្ថិតនៅក្នុងឋានៈជាសមាគមមួយរយៈមកនោះ ។ ការដំឡើងឋានៈពីសមាគមមកជាសហព័ន្ធនេះមានសមាជិកប្រតិបត្តិចំនួន៩រូបដែលក្នុងនោះ លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបំពេញតួនាទីជាប្រធានសហព័ន្ធ, លោកឧត្តមសេនីយ៍ ម៉ក់ សំអុល និងលោក កែ ប៊ិនសូរស្មី ជាអនុប្រធាន ខណៈលោក ហ៊ុន ច័ន្ទរាជ ជាអគ្គលេខាធិកា ចំណែកអ្នកស្រី ឈិន រីយ៉ា ជាអគ្គលេខាធិការរង, លោក អន សុវុឌ្ឍីយ៉ា ជាអគ្គហេរញ្ញិក, កញ្ញា សេង សុខសេរី ជាអគ្គហិរញ្ញិករង និង២រូបទៀតគឺ លោក ធន សកល និងលោកគង់ ចាន់ទីណា ។

 

ជាមួយនឹងឋានៈជាប្រធានសហព័ន្ធនោះ លោក វ៉ាត់ ចំរើន សន្យាថានឹងរកទីផ្សារប្រកួតសម្រាប់កីឡាករ-កីឡាការិនីទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិតែគ្រូបង្វឹកត្រូវពង្រឹងសមត្ថភាពកីឡាករឲ្យបានល្អ ។ លោកបានបន្តថាការអភិវឌ្ឍន៍ក្បាច់គុនវាមិនប៉ះពាល់ដល់ក្បាច់គុនដែលជាមរតករបស់ខ្មែរឡើយពោលគឺជាការអភិវឌ្ឍន៍ដើម្បីអភិរក្សព្រោះក្បាច់គុនគ្មានព្រំដែនឡើយ ។ ក្បាច់គុននរណាក៏មានសិទ្ធិស្រឡាញ់ មានសិទ្ធិហ្វឹកហាត់ និងបង្វឹកបានទាំងអស់ដោយមិនប្រកាន់និន្នាការ សាសនា ជាតិសាសន៍អ្វីទាំងអស់ ។
លោកប្រធានសហព័ន្ធបានអះអាងថា នៅឆ្នាំក្រោយនឹងបង្កើតឲ្យមានការប្រកួតជើងឯកថ្នាក់ជាតិ និងអន្តរជាតិឲ្យបាន ហើយលោកបានបន្ថែមថា ក្បាច់គុនគ្មានព្រំដែនមែនប៉ុន្តែមានគុណធម៌ ដោយអ្នកចេះក្បាច់គុនពិតប្រាកដមិនដែលបំពានលើអ្នកមិនចេះក្បាច់គុននោះទេ ។ ក្នុងសម័យទំនើបនេះទោះបីនរណាហាត់ក្បាច់គុនអ្វីក៏អាចមកចូលរួមប្រកួតយុទ្ធសិល្ប៍ចម្រុះបានដែរតែត្រូវមានសមត្ថភាព ជាចម្បង ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់