ខ្សែក្រវាត់ខារ៉ាបាវ៖ តើ សូត្រ ប៊ុនធី អាចរក្សាតំណែងកំពូលបានទេនៅសប្តាហ៍នេះ?

នូ មករា October 16, 2018


ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៦០គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍នារសៀលថ្ងៃទី២០ ខែតុលានេះអ្នកប្រដាល់ សូត្រ ប៊ុនធី របស់កម្ពុជាត្រូវបានគេជឿថានឹងឈរជើងក្នុងតំណែងកំពូលរបស់ពូលកម្ពុជាបានតទៅទៀតជាមិនខាន ។ សូត្រ ប៊ុនធី ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ ផាត ម៉ាហា (Phat Maha) ដែល២ប្រកួតរបស់អ្នកប្រដាល់ថៃរូបនេះមិនត្រឹមតែចាញ់ ២ប្រកួតប៉ុណ្ណោះទេតែចាញ់ដោយសន្លប់ទាំង២ប្រកួតតែម្តង ។ ចំពោះ សូត្រ ប៊ុនធី វិញ២ប្រកួតរបស់គេឈ្នះទាំង ២ប្រកួត ដូច្នេះចំពោះ ផាត ម៉ាហា ហាក់មិនមែនជាឧបសគ្គរបស់ ប៊ុនធី ឡើយហើយអ្នកប្រដាល់ថៃរូបនេះអាចនឹងត្រូវ ប៊ុនធី វាយឲ្យសន្លប់មុនទឹកទី៥ទៀតផង ។

សូត្រ ប៊ុនធី ទោះបីការប្រកួតរបស់គេមិនសូវវៀងវៃក៏ពិតមែនប៉ុន្តែអ្នកប្រដាល់រូបនេះមានស្នៀតជង្គង់ និងកែងល្អខ្លាំង ណាស់គ្រាន់តែពេលខ្លះគេវ៉ៃចេញច្រើនពេកដោយមិនសូវបានផល ។ មិនតែប៉ុណ្ណោះគេមិនសូវចេះផ្លាស់ប្ដូរឥរិយាបទប្រកួតទៅតាមការប្រែប្រួលរបស់គូប្រកួតឡើយ ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន១១១ដង ឈ្នះ៨៧ដង ចាញ់២០ដង ស្មើពិន្ទុ៤ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន២១ដង ។ ចំពោះអ្នកប្រដាល់ថៃ ផាត ម៉ាហា វិញគេមានផ្លែវ៉ៃល្អគ្រាន់បើដែរតែគេជាអ្នកប្រដាល់ចិត្តតូច និងភាពអំណត់ក៏តូចដែរពោលគឺបើគូប្រកួតវ៉ៃចំខ្លាំងបន្តិចគេសន្លប់តែម្ដង ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន ៦៨ដង ឈ្នះចំនួន៥៦ ដង ចាញ់១១ដង និងស្មើពិន្ទុ១ដង ។ គេជឿថា សូត្រ ប៊ុនធី នឹងឈ្នះចំណែកឯ ផាត ម៉ាហា នឹងបន្តចាញ់ទៀតជាមិនខាន ៕

អត្ថបទ៖​ វ៉ាន្នី

 

មតិយោបល់