អ្នកប្រដាល់ជាយដែន លាប រដ្ឋា ក្លាយជាជើងឯកពាន TV5 Boxing Knock-Out Series by K-Cement

នូ មករា October 15, 2018


ភ្នំពេញ៖ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Series by K-Cement ដែលបានចាប់ផ្ដើមពីថ្ងៃទី៩ ខែមិថុនាមកនោះបានបញ្ចប់ហើយកាលយប់ថ្ងៃទី១៣ ខែតុលាកន្លងមក ។ ជាលទ្ធផលក្នុងវគ្គផ្តាច់ព្រ័ត្រ អ្នកប្រដាល់ជើងខ្លាំង លន បញ្ញា មកពីសមាគមប្រដាល់ក្រសួងការពារជាតិដែលគេរំពឹងថានឹងក្លាយជាម្ចាស់ពានដែលអមដោយប្រាក់រង្វាន់ ៤.០០០ដុល្លារនោះបែរជាត្រូវអាជ្ញាកណ្ដាលបញ្ឈប់នៅទឹកទី២ ដោយសារតែមិនមានសមត្ថភាពតស៊ូជាមួយអ្នកប្រដាល់ជើងខ្លាំង លាប រដ្ឋា មកពីក្លិបដីឡូតិ៍មានរីទ្ធខេត្តបន្ទាយមានជ័យបានឡើយ ។
 
សូមបញ្ជាក់ថា ៥ប្រកួតក្នុងព្រឹត្តិការណ៍នេះ លន បញ្ញា ចាញ់តែមួយប្រកួតចុងក្រោយនេះប៉ុណ្ណោះប៉ុន្តែត្រូវចាញ់យ៉ាងធ្ងន់ធ្ងរតែម្ដង ។ កីឡាករដែលល្អជង្គង់ កែង នោះបែរជាទៅមិនរួចជាមួយកណ្ដាប់ដៃរបស់ លាប រដ្ឋា ទៅវិញ ។
 
នៅក្នុងការប្រកួតនេះ លាប រដ្ឋា បានចាប់ផ្ដើមវាយប្រហារតាំងពីដើមទឹកទី១មក ជាហេតុធ្វើឱ្យ បញ្ញា ត្រូវអាជ្ញាកណ្ដាលរាប់ដល់៨បន្ទាប់ពីទទួលរងយ៉ាងផ្ទួនៗពីការវាយសន្ធាប់របស់ រដ្ឋា នោះ ។ក្រោយមកដោយសារតែលោកអាជ្ញាកណ្ដាលមើលឃើញថា លន បញ្ញា មិនអាចតស៊ូជាមួយ លាប រដ្ឋា បាននោះនៅទឹកទី២ ក៏សម្រេចបញ្ឈប់លែងឲ្យប្រកួតបន្តតែម្ដង ។
ដូច្នេះ លាប រដ្ឋា បានក្លាយជាម្ចាស់ពានធំដែលមានរង្វាន់អមចំនួន ៤.០០០ដុល្លារ ។ ចំពោះ លន បញ្ញា បានទទួលចំណាត់ថ្នាក់លេខ២ ដែលមានរង្វាន់អមចំនួន ២.០០០ដុល្លារ ។ ចំពោះការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣វិញនោះ លិញ ភារម្យ មកពីក្លិបភារម្យគុនខ្មែរបានប្រកួតឈ្នះ ឡុង រ៉ាមី របស់ក្លិបខ្លារខិនមានរិទ្ធដោយពិន្ទុ ។ សម្រាប់ចំណាត់ថ្នាក់លេខ៣ ដែល លិញ ភារម្យ បានទទួលនោះមានប្រាក់រង្វាន់ចំនួន ៧៥០ដុល្លារ ចំនែកឯ ឡុង រ៉ាមី ដែលបានលេខ៤ បានទទួលប្រាក់រង្វាន់ ៥០០ដុល្លារផងដែរ ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់