តើ លន បញ្ញា ឬ លាប រដ្ឋា នឹងក្លាយជាម្ចាស់ពានទម្ងន់ ៦០គីឡូក្រាមអមដោយរង្វាន់ ៤០០០ដុល្លារ?

នូ មករា October 11, 2018


ភ្នំពេញ: ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement ទម្ងន់៦០គីឡូក្រាមដែលបានចាប់ផ្ដើមពីថ្ងៃទី៩ ខែមិថុនាមកនោះត្រូវប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៣ ខែតុលាឆ្នាំ២០១៨ នេះហើយ ។ អ្នកប្រដាល់ប្រភេទទម្ងន់៦០គីឡូក្រាមចំនួន៣២រូបមកពីសមាគម-ក្លិបចំនួន៣២ទូទាំងប្រទេសដែលបានឆ្លងកាត់ការប្រកួតជម្រុះចំនួន៤វគ្គពេលនេះនៅសល់តែ៤រូបប៉ុណ្ណោះដែលក្នុងនោះ២រូបប្រជែងគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ និង ២រូបទៀតប្រជែងគ្នាដណ្ដើមយកឋានៈជាជើងឯក ។​ ក្នងនោះចំពោះគូប្រកួតដណ្ដើមពានជើងឯកនោះគឺជាការជួបគ្នារវាង លាប រដ្ឋា មកពីក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ ជាមួយជើងខ្លាំង លន បញ្ញា របស់សមាគមប្រដាល់ក្រសួងការពារជាតិ ។ រដ្ឋា កាលប្រកួតជម្រុះជុំទី១បានឈ្នះ ចាន់ រក្សា មកពីក្លិបអេភូថងកីឡាដោយពិន្ទុ ។ ជុំទី២ ប្រកួតឈ្នះ ម៉ន ព្រំម៉ាញ របស់ក្លិបការិយាល័យទី៥កងទ័ពជើងគោកដោយពិន្ទុ ជុំទី៣ឈ្នះ កំពែង ខ្មៅ មកពីសមាគមប្រដាល់ក្រសួងកសិកម្មដោយពិន្ទុ និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឈ្នះ ឡុង រ៉ាមី ដោយពិន្ទុ ។
ចំពោះ លន បញ្ញា វិញកាលប្រកួតជម្រុះនៅជុំទី១ ឈ្នះ នួន រ៉ាថេប របស់ក្លិបតាឯកដំបងដែកមានរិទ្ធដោយពិន្ទុ ។ ជុំទី២ ឈ្នះ សេន កុសល មកពីក្លិបមោងឬស្សីមរតកគុនខ្មែរដោយពិន្ទុជុំទី៣ ឈ្នះ ម៉ឺន មេឃា របស់ក្លិបកងចក្រភ្នំតូចដោយពិន្ទុ និងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឈ្នះ លីញ ភារម្យ មុនស្នូរជួងបញ្ចប់ទឹកទី៣ ។ សូមបញ្ជាក់ថា សម្រាប់ម្ចាស់ពាននឹងមានរង្វាន់អមចំនួន ៤.០០០ដុល្លារ នេះ រីែជើងឯករងមានរង្វាន់ ២.០០០ដុល្លារ ។ មួយគូទៀតនោះគឺ ឡុង រ៉ាមី មកពីក្លិបខ្លារខិនមានរិទ្ធត្រូវប្រជែងគ្នាជាមួយ លិញ ភារម្យ មកពីក្លិបភារម្យគុនខ្មែរដណ្ដើមចំណាត់ថ្នាក់លេខ៣ ដែលលេខ៣បាន ១.០០០ដុល្លា ឯ អ្នកចាញ់បាន ៥០០ដុល្លារ ។ ពួកគេសុទ្ធតែជាអ្នកចាញ់នៅវគ្គបាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ៕
អត្ថបទ: វ៉ាន្នី

 

 

មតិយោបល់