ខ្សែក្រវាត់ខារ៉ាបាវ: តើ ឃឹម បូរ៉ា និង សុខ សាវិន អាចបន្តផ្តួលអ្នកប្រដាល់ថៃបានឬយ៉ាងណា?

នូ មករា October 11, 2018


ភ្នំពេញ: ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវលើសង្វៀនអាស៊ីអាគ្នេយ៍នៅរសៀលថ្ងៃទី១៣ ខែតុលាខាងមុខនៅតែមានគេដាក់ជាសំណួរថាតើជើងខ្លាំង សុខ សាវិន មកពីក្លិបឆ្មាស សែនសុខ ព្រមទាំង ឃីម បូរ៉ា នឹងបន្តយកឈ្នះគូប្រកួតបានបន្តទៀតដែរឬទេ? អ្នកប្រដាល់ជើងខ្លាំងទាំង២រូបនេះបានយកឈ្នះអ្នកប្រដាល់ថៃបាន២ប្រកួតដូចគ្នាក្នុងចំណោមការប្រកួតចំនួន ២លើករបស់ពួកគេ ។ សូមបញ្ជាក់ថា ២ប្រកួតរបស់ សាវិន បានយកឈ្នះគូប្រកួតដោយវាយឲ្យសន្លប់ទាំង២ប្រកួត រីឯ បូរ៉ា វិញ២ប្រកួតរបស់គេឈ្នះដោយវាយឲ្យសន្លប់មួយប្រកួត និងឈ្នះដោយពិន្ទុ ១ ប្រកួត ។ ពេលនេះ បូរ៉ា ត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃ ផាត ងិនថង (Phat Ngenthong) ដែលអ្នកប្រដាល់ថៃរូបនេះ ២ ប្រកួតរបស់គេចាញ់ទាំង២ប្រកួត ។
 
ការចាញ់ផ្ទួនៗបែបនេះធ្វើឲ្យឱកាសដើម្បីស្វែងរកកៅអីនៅវគ្គផ្ដាច់ព្រ័ត្ររបស់ ផាត ងិនថង ត្រូវបាត់បង់ទាំងស្រុងហើយ ។ អ្វីដែលនៅសេសសល់សម្រាប់គេគឺប្រកួតបង្គ្រប់កិច្ចតែប៉ុណ្ណោះ ។ តាមពិត ផាត ងិនថង ធ្លាប់ឈ្នះ បូរ៉ា ហើយក្នុងការប្រកួតមួយនេះប្រសិនបើគេអាចយកឈ្នះ បូរ៉ា បានទៀតនោះនឹងធ្វើឲ្យ បូរ៉ា ដែលកំពុងប្រវេប្រវាររកកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រនោះនឹងត្រូវបាត់បង់ទាំងស្រុងដែរព្រោះពេលនេះ បូរ៉ា កំពុងតែស្ថិតនៅពីក្រោយកីឡាករ សុខ សាវិន ទៅហើយខណៈដែលជើងខ្លាំងសូត្រ ប៊ុនធី មកពីក្លិបបក្សីស្លាបដែកស្ថិតនៅក្នុងលំដាប់ទី ៣នោះ ។ បូរ៉ា មានប្រវត្តិប្រកួតចំនួន១១០ដង ឈ្នះ៨០ដង ចាញ់២៨ដង និងស្មើពិន្ទុ ២ ដង ។ ចំពោះ ផាត ងិនថង វិញមានប្រវត្តិប្រកួតចំនួន៨១ដង ឈ្នះ៦៨ដង ចាញ់១៣ដង ។ នេះជាការប្រកួតដែល បូរ៉ា បារម្ភជាទីបំផុតហើយមិនដឹងថាអ្វីៗមានការប្រែប្រួលឬទេ ?
ចំពោះ សុខ សាវិន វិញត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ ផាត ថាណា (Phat Thana) ដែល២ប្រកួតរបស់អ្នកប្រដាល់ថៃរូបនេះឈ្នះ១ ប្រកួត និងចាញ់១ ប្រកួត ។ ក្នុងចំណោមអ្នកប្រដាល់ថៃទាំង៤រូបមានតែ ផាត ថាណា ទេដែលបានឈ្នះ១ ប្រកួតក្នុងចំណោម២ប្រកួតរបស់គេ ។ ការប្រកួតមួយនេះ ផាត ថាណា ត្រូវការឈ្នះបន្ថែមទៀតតែមិនដឹងថាគេអាចយកឈ្នះ សាវិន បានឬអត់នោះឡើយ ។ ចំពោះ សាវិន គេកំពុងតែមានជំនឿចិត្តថាគេនឹងបន្តឈ្នះ កីឡាកររូបនេះមានប្រវត្តិប្រកួតចំនួន៩៤ដង ឈ្នះ៦៩ដង ចាញ់២០ដងស្មើពិន្ទុ ៥ ដង ។ ចំពោះអ្នកប្រដាល់ថៃ ផាត ថាណា វិញមានប្រវត្តិប្រកួតចំនួន៥៩ដង ឈ្នះ៥១ដង ចាញ់ ៨ដង ។ ជំនួបមួយនេះនរណានឹងឈ្នះ ?
អត្ថបទ​

 

មតិយោបល់