ខ្សែក្រវាត់ ISI រដូវកាលថ្មីទម្ងន់ ៥៧គីឡូក្រាមចាប់ផ្តើមថ្ងៃនេះហើយ!

នូ មករា October 7, 2018


ភ្នំពេញ៖ សង្វៀនស៊ីអិនស៊ីបានប្រកាសបើកសង្វៀន ISI រដូវកាលទី៣បានចាប់ផ្ដើមហើយបន្ទាប់ពីរដូវកាលទី២ បានបញ្ចប់ជាស្ថាពរនោះ ។ កាលពីរដូវកាលទី១ គឺទម្ងន់៦៧គីឡូក្រាមដែលកាលនោះចំណាត់ថ្នាក់លេខ១ បានទៅអ្នកប្រដាល់ ឡៅ ចន្ទ្រា មកពីក្លិបទ័ពឆ័ត្រយោង៩១១ លុះដល់រដូវកាលទី២ ទម្ងន់៦៥គីឡូក្រាមដែលចំណាត់ថ្នាក់លេខ១ បានទៅអ្នកប្រដាល់ មឿន សុខហ៊ុច មកពីក្លិបពុទ្ធសេរីវង្ស ។

សម្រាប់រដូវកាលទី៣នេះការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី៧ ខែតុលាហើយគ្រោងបញ្ចប់នៅខែធ្នូចុងឆ្នាំ២០១៨នេះ ដោយមានអ្នកប្រដាល់កម្ពុជា៤រូប និងអ្នកប្រដាល់ថៃ៤រូបចូលរួមប្រជែងគ្នាក្នុងរដូវកាលទី៣នេះពោលគឺដូចកាល ២រដូវកាលកន្លងមកដែរ ។ អ្នកប្រដាល់កម្ពុជាចំនួន៤រូបនេះមាន ឈុត សេរីវ៉ាន់ថង មកពីក្លិបរាហ៊ូខេត្តបាត់ដំបង, ឡុង ជិន មកពីក្លិបខ្លារខិនមានរិទ្ធ, តាញ់ មករា មកពីសមាគមប្រដាល់ក្រសួងការពារជាតិ និង សុខ ធី របស់ក្លិបសៅយ៉ាន់នាគា ។

ចំពោះអ្នកប្រដាល់ថៃចំនួន៤រូបវិញនោះមានPhotakwan Pele Buriram, Phitbunmi Pot Yuphum, Thnousiklek Or Fanmeung និង អ្នកប្រដាល់ Kaophodam Hanravy ។ ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៧ ខែតុលានេះ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរនៅតែបន្តពង្រឹងដល់មន្ត្រីបច្ចេកទេសរបស់ខ្លួនដើម្បីឲ្យការប្រកួតប្រព្រឹត្តិទៅដោយយុត្តិធម៌ ៕
អត្ថបទៈ វ៉ាន្នី

មតិយោបល់