ឡៅ ចន្ទ្រា ត្រៀមខ្លួនរួចស្រេច ខណៈអ្នកប្រដាល់ថៃ ឃុម ភីត ប្រកាសមិនញញើតឡើយ!

នូ មករា October 4, 2018


ភ្នំពេញ៖ អ្នកប្រដាល់វ័យក្មេងថៃឈ្មោះ ឃុម ភីត (Khum Phit) បានប្រកាសឡើងប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងកម្ពុជា ឡៅ ចន្ទ្រា មកពីក្លិបទ័ពឆ័ត្រយោង៩១១ លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍នារសៀលថ្ងៃទី៦ ខែតុលាខាងមុខក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម ។ អ្នកប្រដាល់ថៃ ឃុម ភីត មិនមាននរណាម្នាក់ដឹងថាគេមានសមត្ថភាពបែបណានោះឡើយព្រោះនេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរ ក៏ប៉ុន្តែសម្រាប់អ្នកដែលហ៊ានប្រកួតជាមួយ ចន្ទ្រា បែបនេះប្រហែលជាមិនអន់នោះទេព្រោះអ្នកប្រដាល់ថៃភាគច្រើនពេលប្រកួតជាមួយ ចន្ទ្រា កម្រតស៊ូបានដល់ទឹកទី៥ណាស់ ។

អ្នកប្រដាល់កម្ពុជារូបនេះគេមានផ្លែល្អគ្រប់ទាំងអស់គឺទាំងដៃ ជើង មិនតែប៉ុណ្ណោះកលល្បិចរបស់គេក៏អស់ទាស់ទៀតផង ។ ចន្ទ្រា មានប្រវត្តិប្រកួតចំនួន ១១០ដង ឈ្នះ១០០ដង និងចាញ់១០ដង ។ ចន្ទ្រាបាននិយាយថា នេះជាការប្រកួតដ៏ជក់ចិត្តមួយព្រោះជួបជាមួយអ្នកដែលមិនធ្លាប់ស្គាល់គ្នាពីមុនមកបែបនេះវានឹងធ្វើឲ្យការប្រកួតកាន់តែអស្ចារ្យថែមទៀត ។ ចំពោះអ្នកប្រដាល់ថៃ ឃុម ភីត វិញមានប្រវត្តិប្រកួតចំនួន ៦៩ដង ឈ្នះ៥៧ដងចាញ់១០ដង និងស្មើពិន្ទុ ២ដង គេគឺជាអ្នកប្រដាល់ដែលក្លាហានហើយទើបហ៊ានឡើងសង្វៀនប្រកួតជាមួយ ចន្ទ្រា បែបនេះ ។ ដូច្នេះ ជំនួបមួយនេះនរណាជាអ្នកឈ្នះនោះមិនទាន់អាចកំណត់មុនបានទេតែសម្រាប់ប្រជាជនកម្ពុជាគេមានជំនឿចិត្តលើ ចន្ទ្រា ហើយ!

អត្ថបទ៖ វ៉ាន្នី

 

 

 

មតិយោបល់