អ្នកប្រដាល់គុនខ្មែរ ៤រូបនឹងបង្ហាញខ្លួនលើសង្វៀនស្រុកថៃដើមខែនេះ!

នូ មករា October 2, 2018


ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រមុខប្រដាល់គុនខ្មែរបានជួបសំណេះសំណាល និងផ្តល់យុទ្ធសាស្រ្តមួយចំនួនដល់កីឡាករប្រដាល់គុនខ្មែរ ៤រូបមុនចេញទៅប្រកួតនៅប្រទេសថៃដែលនឹងប្រព្រឹត្តនៅថ្ងៃទី៧ និងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ ។ លោកឧត្តមសេនីយ៍បានមានប្រសាសន៍ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែនឹងបញ្ជូនកីឡាករប្រដាល់គុនខ្មែរ ៤រូបនៅប្រទេសថៃជាផ្លូវការហើយនាពេលនេះដោយមានគណៈប្រតិភូដឹកនាំដោយ លោក ថៃ អ៊ូ ដែលជានាយកបេកកសកម្មតំណាងឲ្យសហព័ន្ធប្រដាល់គុនខ្មែរ ។

ការប្រកួតនេះគឺជាលក្ខណៈអន្តរជាតិដែលកីឡាករខ្មែរត្រូវប្រកួតជាមួយកីឡាករថៃដោយចំពោះការប្រកួតនាថ្ងៃទី៧ មានកីឡាករ ម៉ន សាម៉េត មកពីក្លិបការិយាល័យទី៥កងទ័ពជើងគោកក្នុងប្រភេទទម្ងន់៥៧គ.ក្រ និងកីឡាករ ឡុង ឡា មកពីក្លិបអប់រំកាយស្រុកអន្លង់វែងខេត្តឧត្តរមានជ័យដែលប្រកួតក្នុងប្រភេទទម្ងន់៦៤គ.ក្រ ។ សម្រាប់ការប្រកួតនៅថ្ងៃទី១៤ ខែតុលា វិញមានកីឡាករ ម៉ន ព្រហ្មម៉ាញ មកពីក្លិបការិយាល័យទី៥កងទ័ពជើងគោក ក្នុងប្រភេទទម្ងន់៦៤គ.ក្រ និងកីឡាករ ឈាង ហុង សមាគមប្រដាល់ក្រសួងការពារជាតិប្រកួតក្នុងប្រភេទទម្ងន់៦៣គ.ក្រ ។

ការប្រកួតនេះក៏នឹងមានការផ្សាយផ្ទាល់ពីស្ថានីយទស្សន៍ប៉ុស្តិ៍លេខ៨ (TV8) របស់ប្រទេសថៃផងដែរ ហើយពួកគេបានចេញដំណើរកាលពីថ្ងៃទី១ តុលាទៅកាន់ប្រទេសថៃដើម្បីហ្វឹកហាត់នៅទីនោះឲ្យបានមុនមួយសប្ដាហ៍ ។ ការទៅដល់ មុនបែបនេះដើម្បីឲ្យពួកគេមានឱកាសទម្លាប់ខ្លួនជាមួយកន្លែងថ្មី និងបានហាត់ព្រមទាំងសម្រាកបានស្រួលខ្លួន ។ ជាមួយនឹងការចេញដំណើរទៅប្រកួតនេះសហព័ន្ធក៏បានឧបត្ថម្ភប្រាក់ហោប៉ៅមួយចំនួន និងមានការជួយឧបត្ថម្ភបន្ថែមពីផ្នែកឯកជនផងដែរ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់