សេង ស្រឿន ប៉ះអ្នកប្រដាល់ថៃ សេន សាក់ លើសង្វៀន SEA TV ថ្ងៃអាទិត្យនេះ!

នូ មករា September 21, 2018


ភ្នំពេញ៖ លើសង្វៀន Boostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី២៣ ខែកញ្ញាខាងមុខនេះ អ្នកប្រដាល់កម្ពុជា សេង ស្រឿន មកពីក្លឹបមហិទ្ធិរិទ្ធមេសថ្ងកខេត្តស្វាយរៀងនឹងស្វាគមន៍អ្នកប្រដាល់ថៃ សេន សាក់ (Sen Sak) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។ នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ទាំង២រូបនេះជួបគ្នា ។ អ្នកប្រដាល់ថៃរូបនេះមិនសូវមាននរណាស្គាល់ឡើយព្រោះគេកម្រនឹងមកប្រកួតស្រុកខ្មែរណាស់ម្ល៉ោះហើយសមត្ថភាពគេប៉ុណ្ណាៗនោះក៏មិនសូវមានអ្នកដឹងដែរ ។

បើតាមការឲ្យដឹងពី លោក ថៃ អ៊ូ ដែលជាអ្នកនាំអ្នកប្រដាល់ថៃមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះថា សេន សាក់គេមានសមត្ថភាពប្រហែលគ្នានឹង សេង ស្រឿន ដែរទេព្រោះលោកមិនអាចយកអ្នកខ្លាំងជាង ឬ ខ្សោយជាងពេកមកប្រកួតបានឡើយ ។ សេង ស្រឿន គឺជាអ្នកប្រដាល់មួយរូបដែលពេលខ្លះវាយបានល្អឥតខ្ចោះតែម្ដងតែពេលខ្លះគេវាយអន់មែនទែន ។ កីឡាកររូបនេះអាចទាត់ និងប្រើកណ្ដាប់ដៃបានល្អ ប៉ុន្តែពេលខ្លះកណ្ដាប់ដៃបញ្ចេញទៅវាយចំគូប្រកួតដោយចៃដន្យប៉ុណ្ណោះ ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦៣ដង ចាញ់១៥ដងស្មើពិន្ទុ ១ ដង ។ ចំពោះអ្នកប្រដាល់ថៃ សេន សាក់ វិញគេមានប្រវត្តិប្រកួតចំនួន៥៩ដង ឈ្នះ ៥២ដង និងចាញ់៧ដង ។ ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះមិនដឹងថានរណាឈ្នះនោះឡើយ!

អត្ថបទ៖ វ៉ាន្នី

មតិយោបល់