អ្នកប្រដាល់បារាំង ជូ លៀន ប្រកាសជម្រះបញ្ជីជាមួយ នន់ ជំនិត នៅថ្ងៃសៅរ៍នេះ!

នូ មករា September 20, 2018


ភ្នំពេញ៖ អ្នកប្រដាល់បារាំង ជូ លៀន (Julien) ដែលធ្លាប់ប្រកួតចាញ់អ្នកប្រដាល់កម្ពុជា នន់ ជំនិត មកពីក្លិបស្វាយរលំឬទ្ធិជ័យនោះ មិនទាន់អស់ចិត្តឡើយទេដោយបានប្រកាសថានៅយប់ថ្ងៃទី២២ ខែកញ្ញាខាងមុខរូបគេនឹងធ្វើដំណើរតាមយន្តហោះមកប្រកួតសងសឹកវិញនៅសង្វៀនអាស៊ីអាគ្នេយ៍ដដែល ។ អ្នកប្រដាល់បារាំងរូបនេះធ្លាប់មកប្រកួតនៅស្រុកខ្មែរ២-៣ដងហើយ ដោយគេជាអ្នកប្រដាល់ថ្មីទេ ប៉ុន្តែមានស្នៀតប្រយុទ្ធមិនអន់ឡើយពិសេសបច្ចេកទេសកណ្ដាប់ដៃតែម្តង ហើយក៏ធ្លាប់មានអ្នកប្រដាល់វ័យចំណាស់កម្ពុជា២-៣នាក់ហើយដែលប្រកួតចាញ់អ្នកប្រដាល់បារាំងរូបនេះ ។

ចំណែកឯ ជំនិត គឺជាអ្នកប្រដាល់វ័យចំណាស់មែនតែគេនៅវាយបានល្អ និងរហ័សពិសេសកម្លាំងរបស់គេនៅមិនទាន់ស្រុតច្រើននោះទេ ។ នន់ ជំនិត មានប្រវត្តិប្រកួតចំនួន ៧៥ដង ឈ្នះ៥៨ដង ចាញ់១៥ដង និងស្មើពិន្ទុ២ដង រូបគេជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃរហ័ស ជង្គង់វាយចេញស្រួចល្អ និងចំគោលដៅមិនតែប៉ុណ្ណោះក៏ពូកែការពារណាស់ដែរ ។ ចំពោះ ជូ លៀន វិញគេអាចប្រើកណ្ដាប់ដៃ និងទាត់បានល្អធ្ងន់តែអ្នកប្រដាល់រូបនេះអន់ជើងក្រោមខ្សោយពោះ ប៉ុន្ដែការពារបានល្អ ។ រូបគេមានប្រវត្តិប្រកួតចំនួន៣៨ដង ឈ្នះ៣១ដង និងចាញ់៧ដង ។ ជំនួបលើកនេះនរណាជាអ្នកឈ្នះនោះនៅមិនទាន់ថាបាននៅឡើយទេ ៕

អត្ថបទ៖ វ់ាន្នី

មតិយោបល់