អ្នកប្រដាល់វ័យក្មេង គង់ ហ៊ូវ ប្រកាសសុំជំនួយពីសហព័ន្ធគុនខ្មែរដើម្បីពង្រឹងក្លឹបតូចមួយនៅកំពង់ធំ

នូ មករា September 13, 2018


កំពង់ធំ៖ ក្រោយពីបាត់មុខអស់រយៈពេលជាង១ឆ្នាំ រួចមក អ្នកប្រដាល់អ្នកប្រដាល់វ័យក្មេង គង់ ហ៊ូវ របស់ក្លិបកងពលលេខ ២ នៃក្រសួងការពារជាតិ បានសម្ងំបង្កើតក្លឹបកីឡាប្រដាល់មួយផ្ទាល់ខ្លួននៅក្នុងខេត្តកំពង់ធំដើម្បីរកប្រាក់កម្រៃបន្ថែមចិញ្ចឹមគ្រួសារ ក៏ដូចជារួមចំណែកបង្កើនអ្នកប្រដាល់គុនខ្មែរផងដែរ ។ អ្នកប្រដាល់វ័យក្មេងរូបនេះបានឱ្យដឹងថា៖ «ខ្ញុំមានបងប្អូន ៣ នាក់សុទ្ធតែជាអ្នកប្រដាល់ដូចគ្នាគឺមាន គង់ សំបូរ ជាបង, គង់ ហ៊ូវ និងប្អូនប្រុស គង់ ហួរ ហើយក៏ល្បីគួរសម កាលណោះយើងអាចរកប្រាក់ចំណូលបានប្រសើរមានជីវភាពល្អ ប៉ុន្តែដោយសារតែមានបញ្ហាផ្ទៃក្នុងមួយចំនួនបានបង្ខំចិត្តឲ្យខ្ញុំ និងបងប្អូនឃ្លាតពីសង្វៀនបណ្តោះអាសន្នសិន ហើយខ្ញុំប្រឹងបង្កើតក្លឹបតូចមួយក្នុងភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ប៉ុន្តែក្លឹបប្រដាល់មួយនេះពុំទាន់មានឈ្មោះ និងអនុញ្ញាតច្បាប់ ឬទទួលស្គាល់ពីសហព័ន្ធកីឡាគុនខ្មែរនៅឡើយទេ ហើយសម្ភារហ្វឹកហាត់មានត្រឹមកង់ឡានចាស់ៗ សូម្បីតែហ្គង់ ឬបាវសាក់ក៏គ្មានដែរ ។»

ទោះបីជាពិបាកយ៉ាងណាក៏អ្នកប្រដាល់វ័យក្មេងរូបនេះនៅតែព្យាយាមចាប់ផ្តើមពីដៃទទេដោយមានសិស្សក្នុងភូមិប្រមាណជា ៦ នាក់កំពុងហ្វឹកហាត់ ។ សូមបញ្ជាក់ថា កីឡាករវ័យ ២១ ឆ្នាំ គង់ ហ៊ូវ ដែលធ្លាប់ឡើងសង្វៀនជាង ១០០ ដងក្នុងនោះធ្លាប់ប្រកួតអន្តរជាតិ ១៥ ដងព្រមទាំងធ្លាប់ឈ្នះពានពីសង្វៀនបាយ័នបានម្តងនោះ បានសំណូមពរឲ្យសប្បុរសជនដែលគាំទ្រគុនខ្មែរ និងមានសណ្តានចិត្តល្អ មេត្តាជួយផ្ដល់សម្ភារទៅតាមលទ្ធភាពដល់ក្លិបរបស់គេផង ។ រូបគេបានបន្ថែមថា៖  «ពិសេសលោកអ៊ុំ តែម ម៉ឺន មេត្តាអនុញ្ញាតច្បាប់ឲ្យផងដើម្បីបន្តអាជីពប្រដាល់គុនខ្មែរ ព្រោះពេលនេះក្លឹបខ្ញុំមានតែសម្ភារហ្វឹកហាត់បន្តិចបន្តួចដូចជាស៊ីបទាត់ និងកង់ឡានចាស់ៗទេ គឺសូម្បីតែបាវសាក់ ក៏គ្មានដែរ»។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានឱ្យដឹងថា៖ «ការបើកក្លឹបដែលមានលក្ខណសម្បត្តិត្រឹមត្រូវ គឺខ្ញុំគាំទ្រ និងលើកស្ទួយ ប៉ុន្តែកន្លងមក មានអ្នកខ្លះបានច្បាប់បើកក្លឹបប្រដាល់រួចហើយ តែមិនដំណើរការ ឬធ្វើសកម្មភាពទេ ហើយអ្នកខ្លះស្រែកតាមបណ្តាញហ្វេសប៊ុកពីភាពក្រីក្ររបស់ខ្លួនដែលផ្ទុយពីលក្ខខណ្ឌព្រោះតាមគោលការណ៍កីឡាបើកស្ម័គ្រចិត្ត បិទក៏ស្ម័គ្រចិត្តហើយខ្ញុំនឹងពង្រឹង និងពិនិត្យសម្រាប់ការស្នើសុំបើកជាថ្មីគឺគប្បីមានអ្នកឧបត្ថម្ភគាំទ្រសមរម្យទើបអនុញ្ញាតឲ្យ»។

គួរបញ្ជាក់ផងដែរថា ចំពោះឆាកជីវិតគ្រួសាររបស់កីឡាករ គង់ ហ៊ូវ វិញគឺពិតជាជួបការលំបាកខ្លាំងណាស់ហើយកីឡាកររូបនេះបានធំដឹងក្តីនៅក្នុងតំបន់ជម្លោះដីធ្លីបឹងកក់ បន្ទាប់មកមានបញ្ហាបណ្តេញចេញទើបបានទៅជួលផ្ទះនៅព្រែកប្រា ខណ្ឌច្បារអំពៅ ហើយបច្ចុប្បន្នបានរសាត់ខ្លួនមកនៅភ្នំសន្ទុក តាមរយៈក្រុមគ្រួសារដែលមានឪពុកម្តាយចាស់ៗអស់ទៅហើយ គឺស្ថិតក្នុងបន្ទុកថែមទៀត» ៕

អត្ថបទ៖  ប៉ាវឡុង ជីង

មតិយោបល់