កំពូលអ្នកប្រដាល់គុនខ្មែរ បឺត ខាំ ប្រកាសប្ដូរមុខរបរជាតារាចម្រៀងវិញ!

នូ មករា September 12, 2018


ភ្នំពេញ៖ អាចនិយាយបានថា នេះជារឿងមិនធ្លាប់មានក្នុងវិស័យកីឡាប្រដាល់របស់កម្ពុជាដែលកំពូលអ្នកប្រដាល់ល្បីឈ្មោះ ១រូបក្នុងស្រុកខ្មែរ បានប្រកាសចូលនិវត្តពីអាជីពកីឡាករប្រដាល់គុនខ្មែរហើយប្រកាសស្រវាចាប់អាជីពជាតារាចម្រៀងវិញ ។ អតីតកីឡាករប្រដាល់គុនខ្មែរ បឺត ខាំ ដែលមានដើមកំណើរចេញពីខេត្តបាត់ដំបងបានចូលរួមក្នុងអាជីពជាកីឡាករប្រដាល់គុនខ្មែរ ចាប់តាំងពីវ័យ១៥ឆ្នាំមកម្ល៉េះ ហើយបានគ្រងតំណែងខ្សែក្រវាត់ជាតិ-អន្តរជាតិចំនួន៧ គិតចាប់តាំងពីទម្ងន់៤៨គីឡូក្រាម ដល់ ៦៩គីឡូក្រាម ។

អតីតជើងខ្លាំងដែលធ្លាប់អុកឡុកសង្វៀនរូបនេះបានអះអាងថា រូបលោកបានចូលនិវត្តន៍ពីអាជីពកីឡាករប្រដាល់គុនខ្មែរ ប្រមាណជាជាងមួយឆ្នាំហើយ ក្រោយពីលោកមើលឃើញថាអាយុខ្លួនកាន់តែចាស់ កម្លាំងកាន់ថយចុះ ហើយដោយចង់រក្សាកេរ្តិ៍ឈ្មោះទើបសម្រេចចិត្តលាឈប់ពីវិស័យប្រដាល់គុនខ្មែរ រួចងាកមកចាប់អាជីពថ្មីជាតារាចម្រៀងវិញព្រោះថា អាជីពថ្មីមួយនេះក៏ជាចំណង់ចំណូលរបស់ខ្លួនតាំងពីវ័យកុមារមកដែរ ។

កីឡាកររូបនេះបានបន្ថែមថា នៅក្នុងវិស័យចម្រៀងរូបលោកមានចំណង់ចំណូលចិត្តជាងប្រដាល់ទៅទៀតប៉ុន្តែដោយសាររូបលោកគឺជាអ្នកស្រែមានរូបសម្រស់មិនសូវស្អាតហើយណាមួយមានបងប្រុស បឺត សំខាន់ ជាកីឡាករប្រដាល់ស្រាប់ទើបពេលមករស់នៅទីក្រុងភ្នំពេញបានសម្រេចចិត្តជ្រើសរើសអាជីពជាកីឡាករប្រដាល់ដើម្បីស្វែងរកប្រាក់កម្រៃទ្រទ្រង់ជីវភាពសិន ប៉ុន្តែនៅតែរក្សាគោលដៅសម្រេចបំណងប្រាថ្នារបស់ខ្លួនគឺចង់ក្លាយជាតារាចម្រៀងនេះឯង ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់