ក្លឹបប្រដាល់មួយនៅថៃតាមប្រមាញ់ចង់បាន ម៉ន សាម៉េត!

នូ មករា September 11, 2018


ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ មានក្លឹបប្រដាល់នៅក្នុងប្រទេសថៃមួយបានមកចរចារចង់ទិញអ្នកប្រដាល់គុនខ្មែរ ម៉ន សាម៉េត ទៅហ្វឹកហាត់ និងប្រកួតឱ្យក្លឹបគេផ្ទាល់ក្នុងតម្លៃធំគួរសមដែលអាចធ្វើឱ្យជីវភាពគ្រួសារ សាម៉េត បានល្អប្រសើរឡើង ។ ទាក់ទងនឹងរឿងនេះដែរ អ្នកប្រដាល់វ័យក្មេងរូបនេះបានឱ្យដឹងថា៖ «ពិតជាមានក្លឹបនៅប្រទេសថៃ បានមករកខ្ញុំមែន ដើម្បីយកទៅលេងឱ្យគេនៅក្នុងតម្លៃខ្ពស់នៅពេលដែលខ្ញុំប្រកួតស្មើជាមួយនឹងកីឡាករថៃ Sor Tragoon Petch នៅក្នុងព្រឹត្តិការណ៍ Max Muay Thai កាលពីយប់ថ្ងៃអាទិត្យនៅទីក្រុងផាតាយ៉ា ប្រទេសថៃ ។»

កីឡាកររបស់ក្រសួងមហាផ្ទៃរូបនេះបានបន្តទៀតថា៖ «តម្លៃប្រកួតរបស់ខ្ញុំបើគិតជាដុល្លារបានប្រហែលជាង ៤៥០ដុល្លារដោយមានការហូបចុកស្នាក់នៅ និងធ្វើដំណើរគេចេញឲ្យមួយចប់ ។ ក្រោយពេលប្រកួតមានក្លឹបនៅស្រុកថៃ មកចរចារជាមួយខ្ញុំដើម្បីឲ្យទៅហ្វឹកហាត់ឡើងប្រកួតនៅថៃបន្តដោយមានតម្លៃខ្លួនប្រកួតកើនឡើងជាងមុនប៉ុន្តែអ្វីៗគឺអាស្រ័យលើក្លឹប និងឪពុករបស់ខ្ញុំ»។

ជាមួយគ្នានេះដែរ លោក ម៉ាង ម៉ន គ្រូបង្វឹក និងជាឪពុកបង្កើតបានប្រាប់ថា៖ «ធម្មតាកីឡាករយើងសព្វថ្ងៃស្ម័គ្រចិត្ត គ្មានប្រាក់ខែ ឬប្រាក់ចំណូលឯណាជួយក្រៅពីការឡើងប្រកួតនោះឡើយ ហើយបើយើងជាកីឡាករជាប់ជម្រើសជាតិ ឬស៊ីប្រាក់ខែគេ យើងមិនអាចទៅបានទេត្រូវអនុញ្ញាតពីគេសិនដែរ»។ លោកបន្តថា៖ «ម្យ៉ាងទៀត អាម៉េត វាមានប្រពន្ធមានកូនហើយ ហេតុនេះការសម្រេចចិត្តទៅហាត់ និងប្រកួតនៅស្រុកថៃជាជម្រើស និងការសម្រេចចិត្តរបស់វា ពីព្រោះបញ្ហាជីវភាព និងប្រាក់ចំណូលជារឿងសំខាន់»៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់