ខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី៧ ចាប់ផ្ដើមលើសង្វៀន SEA TV ចុងសប្តាហ៍នេះ!

នូ មករា September 5, 2018


ភ្នំពេញ: ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦០គីឡូក្រាមរដូវកាលទី៧នឹងចាប់ផ្ដើមលើសង្វៀនអាស៊ីអាគ្នេយ៍ចាប់ពីរសៀលថ្ងៃទី៨ ខែកញ្ញាតទៅហើយ ។ ការប្រកួតដែលមួយសប្ដាហ៍មានចំនួន២គូនេះ គឺជាការប្រកួតរវាងអ្នកប្រដាល់កម្ពុជា និងថៃដោយនៅថ្ងៃទី៨ ខែកញ្ញាអ្នកប្រដាល់កម្ពុជា ឃីម បូរ៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យត្រូវជួបជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ ផាត ឆា យ៉ាកភូមិ (Phat Chhayakphum) ។ អ្នកប្រដាល់ទាំង២រូបនេះពុំធ្លាប់ជួបប្រកួតគ្នាពីមុនមកទេប៉ុន្តែគេជាអ្នកប្រដាល់ដែលមានផ្លែវាយល្អ និងរហ័សដូចគ្នាគ្រាន់តែ បូរ៉ា ចិត្តមិនសូវធំតែប៉ុណ្ណោះ ។

បូរ៉ា គឺជាអ្នកលេងកែង និងជង្គង់ដ៏អស្ចារ្យ រីឯ ផាត ឆាយ៉ាកភូមិ ក៏ជាអ្នកពូកែកណ្ដាប់ដៃ និងជង្គង់ដែរ ។ កន្លងមកអ្នកប្រដាល់ថៃរូបនេះធ្លាប់ចូលរួមប្រជែងដណ្ដើមខ្សែក្រវាត់នៅស្រុកខ្មែរដែរតែគេពុំធ្លាប់ដណ្ដើមបាននោះឡើយហើយក៏ពុំធ្លាប់បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ ។ គេមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៧០ដង ចាញ់១៤ដង និងស្មើពិន្ទុ ១ ដង ។ ចំពោះ ឃីម បូរ៉ា វិញធ្លាប់ចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ញឹកញាប់ណាស់ ។ ស្ទើរតែគ្រប់ព្រឹត្តិការណ៍គេតែងតែឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រតែគេពុំធ្លាប់ដណ្ដើមបានខ្សែក្រវាត់នោះទេ ។ បូរ៉ា មានប្រវត្តិប្រកួតចំនួន១១០ដង ឈ្នះ៨៦ដង ចាញ់២០ដង ស្មើពិន្ទុ៤ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន២០ដង ។ ជំនួបថ្ងៃបើកសង្វៀនថ្មីនេះ បូរ៉ា ឬ ផាត ឆាយ៉ាកភូមិ ជួបសំណាងល្អ ?

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរកីឡាករ សុខ សាវិន មកពីក្លិបឆ្មា ស សែនសុខ ត្រូវជួបតស៊ូជាមួយអ្នកប្រដាល់ថៃឈ្មោះ ផាត ម៉ាហា (Phat Maha) ។ សាវិន ពុំធ្លាប់ចូលរួមប្រជែងខ្សែក្រវាត់នៅសង្វៀនអាស៊ីអាគ្នេយ៍ឡើយតែគេជាអ្នកប្រដាល់ដែលមានស្នៀតវាយល្អរហ័ស ហើយចិត្តរបស់គេក៏ធំណាស់ដែរ ។ រូបគេមានប្រវត្តិប្រកួតចំនួន៩២ដង ឈ្នះ៦៧ដង ចាញ់២០ដង និងស្មើពិន្ទុ ៥ ដង ។ ចំពោះអ្នកប្រដាល់ថៃ ផាត ម៉ាហា វិញធ្លាប់មកប្រកួតនៅស្រុកខ្មែរបានម្ដងដែរតែគេមិនបានទទួលលទ្ធផលល្អឡើយ ។ អ្នកប្រដាល់ថៃរូបនេះមានស្ទីលវាយល្អតែទំនងជាគេលាក់គំនួចដោយសារតែគេត្រូវការលាក់ស្នៀតដើម្បីចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់វិញ ។ កីឡាកររូបនេះមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៥៦ដង ចាញ់១០ដង និងស្មើពិន្ទុ ១ ដង ៕

អត្ថបទ: វ៉ាន្នី

មតិយោបល់