ប្រមុខប្រដាល់គុនខ្មែរបន្ថែមការព្រមានចំពោះគ្រូពេទ្យតាមសង្វៀននានាវិញម្តង

នូ មករា September 4, 2018


ភ្នំពេញ: ប្រមុខប្រដាល់គុនខ្មែរគឺលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន បានព្រមានធ្ងន់ៗចំពោះគ្រូពេទ្យរបស់លោកដែលប្រចាំការនៅតាមសង្វៀនប្រកួតនានាឲ្យបង្កើនការទទួលខុសត្រូវ ដោយលោកបានបន្ទោសថា ពេលនេះគ្រូពេទ្យមួយចំនួនកាន់តែខ្វះការទទួលខុសត្រូវហើយ ពេលខ្លះការប្រកួតបានចាប់ផ្ដើមហើយប៉ុន្តែពេទ្យនៅមិនទាន់មកដល់ទៀតចុះប្រសិនបើមានគ្រោះថ្នាក់អ្វីកើតឡើងក្នុងអំឡុងពេលប្រកួតដែលអវត្តមានគ្រូពេទ្យ តើនរណាមានសមត្ថភាពដោះស្រាយបាន ?

លោកបានទាមទារថា ចាប់ពីពេលនេះតទៅពេទ្យត្រូវតែមកដល់កន្លែងប្រកួតមុនពេលប្រកួតចាប់ផ្ដើម ហើយលុះប្រកួតចប់គ្រូពេទ្យត្រូវតែពិនិត្យមើលឡើងវិញពិសេសគូប្រកួតចុងក្រោយ តើមានគ្រោះថ្នាក់ឬត្រូវដេរដែរឬទេ? ហេតុនេះពេទ្យត្រូវតែចេញក្រោយគេហើយនឹងត្រូវមកមុនគេជានិច្ច ។ លោកបានបន្ថែមថា រាល់ការប្រកួតនីមួយៗត្រូវតែមានរបាយការណ៍របស់ពេទ្យព្រោះពេលនេះអ្នកប្រដាល់ ឬគ្រូប្រដាល់មួយចំនួនចាប់ផ្ដើមខិលហើយ ដោយសារតែកីឡាករខ្លះដួលពីណាពីណីមក ឬគ្រោះថ្នាក់ពីណាមកបែរជាមកកុហកសហព័ន្ធថាគ្រោះថ្នាក់ ឬ មានរបួសពេលប្រកួតទៅវិញ ។ នេះគឺដោយសារតែការបំពេញការងារដោយធ្វេសប្រហែសរបស់គ្រូពេទ្យតែម្តង ។

លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន បានបញ្ជាក់ថា ដោយសារតែរឿងរ៉ាវប្លែកៗចេះតែកើតមានហេតុនេះគ្រប់សង្វៀនទាំងអស់ត្រូវតែមានរបាយការណ៍របស់គ្រូពេទ្បបញ្ជាក់ថា តើការប្រកួតថ្ងៃនេះ ឬសង្វៀននេះមានគ្រោះថ្នាក់ប៉ុន្មាននាក់ ឬមួយបានដេរប៉ុន្មាននាក់ ។ លោកបានបន្តថាការត្រួតពិនិត្យសុខភាពមុនពេលប្រកួតត្រូវតែច្បាស់លាស់ ហើយប្រសិនបើអ្នកប្រដាល់រូបណាដែលគ្រូពេទ្យពិនិត្យទៅឃើញថាសុខភាពមិនប្រក្រតីមិនអាចប្រកួតបានហើយឡើយ ចំណែកម្ចាស់ក្លិប ឬ គ្រូបង្វឹកទាំងឡាយកុំមកអន្តរាគមន៍ឲ្យសោះ ។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ដែលជាអនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរក៏បានបន្ទោសដែរថាដោយសារតែការធូររលុងរបស់ពេទ្យកន្លងមកទើបមានអ្នកប្រដាល់ខ្លះបាក់ដៃតាំងពី២ឆ្នាំមុនក៏យកហ្វីលថតចាស់របស់គេមកបោកសហព័ន្ធយកលុយ ខ្លះផឹកស្រវឹងដួលម៉ូតូក៏សុំលុយដែលពិតជាទង្វើរផ្ដេសផ្ដាសខ្លាំងណាស់ ។ ដូច្នេះ ចាប់ពីពេលនេះគ្រូពេទ្យត្រូវតែពង្រឹងឡើងវិញ ហើយការដេរត្រូវតែមានភាពស្មោះត្រង់កុំបន្លំចំនួនថ្នេរហើយត្រូវតែដេរដោយការទទួលខុសត្រូវដាច់ខាត!

អត្ថបទ: វ៉ាន្នី

មតិយោបល់