ប្រដាល់ប្រាក់លានខារ៉ាបាវ នឹងធ្វើឡើងលើសង្វៀនថ្មីរបស់ CBS

នូ មករា August 29, 2018


ភ្នំពេញ: ក្រុមហ៊ុន CBS ដែលគ្រប់គ្រងទូរទស្សន៍ចំនួនគឺ CNC- CTN និង MY-TV បានបើកសង្វៀនថ្មីមួយដែលនឹងផ្សាយបន្តផ្ទាល់លើសង្វៀនទាំង៣ក្នុងពេលតែមួយនូវព្រឹត្តិការណ៍ប្រដាល់ថ្មីមួយប្រដាល់អន្តរជាតិខារ៉ាបាវដណ្ដើមប្រាក់លាន ។ សង្វៀនទាំងនេះនឹងផ្សាយផ្ទាល់ក្នុងពេលតែមួយគឺរៀងរាល់រសៀលថ្ងៃអាទិត្យ ។ បើតាមការឲ្យដឹងពី លោក ហ៊ុយ សុខាដែលជាប្រធានទីផ្សាររបស់ខារ៉ាបាវបានបញ្ជាក់ថា ក្នុងមួយសប្ដាហ៍គឺមានការប្រកួតប្រដាល់ជាលក្ខណៈអន្តរជាតិចំនួន២ គូដែលគូទាំង២នេះក្រៅពីមានលុយតម្លៃខ្លួនជាធម្មតានោះខារ៉ាបាវនឹងតម្កល់លុយមួយលានរៀលឲ្យគូប្រកួតប្រជែងគ្នាបើឈ្នះគឺបានមួយលានរៀលបន្ថែមលើលុយតម្លៃខ្លួនរីឯអ្នកចាញ់គឺបានតែលុយតម្លៃខ្លួនប៉ុណ្ណោះ ។

 

ប៉ុន្តែក្នុងករណីប្រកួតស្មើគ្នានោះគឺពួកគេនឹងត្រូវចែកលុយនោះជា២ចំណែកគឺម្នាក់បាន៥០ម៉ឺនរៀល ។ លោក គង់ ចំរើនរដ្ឋា ជាប្រធានផ្នែកលក់របស់ CBS បានអះអាងថា ព្រឹត្តិការណ៍នេះនឹងចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា តទៅហើយៗលោកមានជំនឿចិត្តថាសហព័ន្ធនឹងបន្តផ្ដល់នូវអ្នកប្រដាល់ល្អៗឲ្យមកចូលរួមប្រកួតក្នុងព្រឹត្តិការណឺនេះជាមិនខាន ។

លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរក៏អះអាងពីការផ្ដល់នូវអ្នកប្រដាល់ល្អៗឲ្យ មកចូលរួមក្នុងព្រឹត្តិការណ៍នេះ ។ ជាមួយគ្នានេះលោកក៏ទាមទារឲ្យមន្ត្រីរបស់លោកបន្តបំពេញការងារដោយគោរព ក្រមវិជ្ជាជីវៈ និងមានយុត្តិធម៌ក្នុងការផ្ដល់ពិន្ទុ ។ លោក ហ៊ុយ សុខា ក៏អះអាងដែរថាប្រសិនបើព្រឹត្តិការណ៍នេះទទួលបានការគាំទ្រនោះលោកនឹងជំរុញឲ្យព្រឹត្តិការណ៍នេះឲ្យក្លាយជាការប្រកួតប្រជែងយកខ្សែក្រវាត់ឬជាព្រឹត្តិការណ៍មួយផ្សេងទៀតដែលខ្ពស់ជាងនេះ ៕

អត្ថបទ: វ៉ាន្នី

មតិយោបល់