TV5 Boxing Knock-Out: កូយ ឡាយ និង ណាម ម៉ូរ៉ាក់ ខ្ទាតចេញពីការប្រកួតហើយ!

នូ មករា August 26, 2018


ភ្នំពេញ: អ្នកប្រដាល់២រូបទៀតហើយដែលខ្ទាតចេញពីព្រឹត្តិការណ៍ TV5 Boxing Knock-Out Series by K-Cement ក្នុងការប្រកួតនាយប់ថ្ងៃទី២៥ ខែសីហា ។ កូយ ឡាយ មកពីក្លិបទ័ពឆ័ត្រយោង៩១១បានប្រកួតចាញ់អ្នកប្រដាល់ លីញ ភារម្យ របស់ក្លិបភារម្យគុនខ្មែរដោយពិន្ទុនៅជុំទី២ ដែលការបរាជ័យនេះធ្វើឲ្យ កូយ ឡាយ បាត់បង់ឱកាសដើម្បីឡើងទៅប្រកួតបន្តនៅជុំទី៣ ទៀត ។ ចំពោះ ភារម្យ គេមានកៅអីសម្រាប់ប្រកួតបន្តនៅជុំទី៣ ឬហៅថាវគ្គ៨នាក់ចុងក្រោយទៀត ។

ចំពោះ ណាម ម៉ូរ៉ាក់ មកពីក្លិបពន្លឺសាមគ្គខេត្តបាត់ដំបងក៏បាត់បង់ឱកាសឡើងទៅប្រកួតនៅជុំទី៣ទៀតដែរបន្ទាប់ពីប្រកួតចាញ់អ្នកប្រដាល់ ពុទ្ធ សំបូរ របស់ក្លិបពុទ្ធសេរីវង្សដោយពិន្ទុដែរនោះ ។ ណាម ម៉ូរ៉ាក់ត្រូវវេចបង្វិចត្រឡប់ទៅផ្ទះវិញ ខណៈដែល ពុទ្ធ សំបូរ ត្រូវត្រៀមខ្លួនឡើងប្រកួតបន្តនៅជុំទី៣ដែលជុំមួយកាន់តែអស្ចារ្យហើយគូប្រកួតក៏កាន់តែខ្លាំងដែរនោះ ។ គួរបញ្ជាក់ថា ពេលនេះអ្នកប្រដាល់៦រូបបានខ្ទាតចេញពីការប្រកួត និងមាន៦រូបដណ្ដើមបានកៅអីដើម្បីប្រកួតបន្តនៅជុំទី៣ ។ ជើងខ្លាំងទាំង៦រូបនោះមាន លាប រដ្ឋា មកពីក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ, កំពែង ខ្មៅ សមាគមប្រដាល់ក្រសួងកសិកម្ម, វុត្ថ លាន់លីញ ក្លិបអង្គរធំគុនខ្មែរ, ឡុង រ៉ាមី ក្លិបខ្លារខិនមានរិទ្ធ, ពុទ្ធ សំបូ ក្លិបពុទ្ធ សេរីវង្ស និង លីញ ភារម្យក្លិបភារម្យគុនខ្មែរ ៕

អត្ថបទ: វ៉ាន្នី

មតិយោបល់