TV5 Boxing Knock-Out Series: កំពែង ខ្មៅ និង លាប រដ្ឋា ឆ្លងផុតជុំទី២មុនគេ

នូ មករា August 13, 2018


ភ្នំពេញ៖ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement វគ្គជម្រុះជុំទី២បានចាប់ផ្ដើមហើយកាលពីយប់ថ្ងៃទី១១ ខែសីហា ។ កីឡាករ កំពែង ខ្មៅ មកពីសមាគមប្រដាល់ក្រសួងកសិកម្មដែលត្រូវជួបជាមួយ សេក ចៅជូត មកពីក្លិបអង្គរមានជ័យខេត្តសៀមរាបនោះត្រូវគូប្រកួតអវត្តមាន ដូច្នេះក្លិបប្រដាល់អង្គរមានជ័យខេត្តសៀមរាបបានបញ្ជូនអ្នកប្រដាល់ សេក គឹមសាន្ត មកប្រកួតជំនួសប៉ុន្តែដោយសារគេមើលឃើញជាទូទៅថាការយកអ្នកប្រដាល់ថ្មីមកប្រកួតជំនួសមិត្តរួមក្លិបដោយខ្លួនមិនបានឆ្លងកាត់វគ្គជម្រុះជុំទី១បែបនេះវាមិនយុត្តធម៌នោះទើបការប្រកួតត្រូវបានគណៈកម្មការរៀបចំការប្រកួតសម្រេចឱ្យ កំពែង ខ្មៅ បានទទួល៣ពិន្ទុក្នុងឋានៈជាអ្នកឈ្នះតែម្តង ដូច្នេះ រូបគេនឹងបានឡើងទៅវគ្គទី៣ ជាបន្តទៀត ។

 

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ ម៉ន ព្រំម៉ាញ ដែលនរណាៗក៏មានជំនឿចិត្តថាគេនឹងឈ្នះការប្រកួតជម្រុះជុំទី២ នេះនោះបែរជាត្រូវខ្ទាតចេញពីការប្រកួតទាំងព្រលឹមអុរតែម្ដង ។ ព្រំម៉ាញ បានប្រកួតចាញ់ពិន្ទុ លាប រដ្ឋា របស់ក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ ។ ចៅក្រម ៥ រូបមាន៣រូបផ្ដល់ពិន្ទុ ឲ្យ រដ្ឋា ឈ្នះ និង២រូបឲ្យ ព្រំម៉ាញ ឈ្នះ ដូច្នេះ លាប រដ្ឋាបានកក់កៅអីទុកសម្រាប់ការប្រកួតជម្រុះនៅជុំទី២ រីឯ ម៉ន ព្រំម៉ាញ ហាលអាវត្រឹមនេះតែម្ដង ។
ចំពោះការប្រកួតជាមិត្តភាពអន្តរជាតិវិញអ្នកប្រដាល់កម្ពុជា ពេជ្រ ម្ទេសខ្មាំង មកពីក្លិបអារុណរះកីឡាបានយកឈ្នះអ្នកប្រដាល់ថៃ ឃុន ស៊ិកឡេក (Khun Siklek) នៅទឹកទី២ ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ នៅទឹកទី១អ្នកប្រដាល់ថៃរូបនេះមានបញ្ហាជើងហើយត្រូវអាជ្ញាកណ្ដាលរាប់៨ម្ដងរួចទៅហើយ ។ លុះមកដល់ទឹកទី២ ម្ទេសខ្មាំង បានប្រើកែងបញ្ចប់សកម្មភាពគូប្រកួតបានសម្រេចតែម្ដង ។ ការប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះ ភិន សុទី មកពីក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹកត្រូវអ្នកប្រដាល់ ម៉ន ចៅក្របី របស់ក្លិបការិយាល័យទី៥កងទ័ពជើងគោកប្រើជង្គង់ និងកែងវាយឲ្យសន្លប់នៅទឹកទី៣ ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់