TV5 Boxing Knock-Out: សេន កុសល និង លន បញ្ញា ដឹកដៃគ្នាបន្តឡើងជុំទី២

នូ មករា August 5, 2018


ភ្នំពេញ៖ ព្រឹត្តិការណ៍ TV5Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី៤ ខែសីហាបានបញ្ចប់ហើយ ជុំទី១ ។ អ្នកប្រដាល់ចំនួន៣២រូបដែលចូលរួមប្រកួតជម្រុះគឺ១៦រូបបានខ្ទាតចេញពីការប្រកួតនិង១៦រូបទៀតបានកក់កៅអីសម្រាប់ការប្រកួតជម្រុះនៅជុំទី២ ។ អ្នកប្រដាល់ លន បញ្ញា មកពីក្លិបកងយោធពលខេមរភូមិន្ទបានយកឈ្នះអ្នកប្រដាល់វ័យចំណាស់ នួន រ៉ាថេប របស់ក្លិបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែងដោយពិន្ទុដាច់តែម្ដង។ ជ័យជម្នះនេះបានធ្វើឲ្យ បញ្ញា មានកៅអីដើម្បីប្រកួតវគ្គជម្រុះជុំ ទី២បន្តទៀត ក្នុងខណៈដែល នួន រ៉ាថេប ត្រូវខ្ទាតចេញពីការប្រកួតនៅជុំទី១នេះ ។ សូមបញ្ជាក់ថា បញ្ញា ជាកីឡាករដែលល្អជង្គង់ និង ទាត់ ចំណែកឯ រ៉ាថេប មានកណ្ដាប់ដៃធ្ងន់តែមិនសូវមានកលល្បិចនោះឡើយ ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ ថន ភឿត មកពីក្លិបឃ្លាំងមឿងកីឡាជួបប្រកួតជាមួយអ្នកប្រដាល់ សេន កុសល របស់ក្លិបមោងឬស្សីមរតកគុនខ្មែរ ។ ស្ថានភាពនៃការប្រកួតរវាងអ្នកប្រដាល់ទាំង២រូបនេះ កុសល មានប្រៀបតិចតួចលើ ថន ភឿត ស្ទើរតែគ្រប់ទឹកតែម្ដង ។ ដោយសារការប្រកួតមានតែ៣ទឹកនោះបន្ទាប់ពីប្រកួតចប់ទឹកទី៣ សេន កុសល ជាអ្នកបានទទួលជ័យជម្នះតែម្តង ។ ថន ភឿត ត្រូវហាលអាវត្រឹមនេះ រីឯ កុសល ទទួលបានកៅអីសម្រាប់ប្រកួតជុំទី២ទៀត ។
 
ចំពោះការប្រកួតជាមិត្តភាពរវាងកម្ពុជា-ថៃនោះអ្នកប្រដាល់កម្ពុជា អ៊ុង វីរៈ មកពីក្លិបទ័ពឆ័ត្រយោង៩១១ជាមួយអ្នកប្រដាល់ថៃ ក្រាក់ បូឡេក (Krak Boelek)វិ ញនោះ វីរៈ បានប្រើកណ្ដាប់ដៃផ្ដួលអ្នកប្រដាល់ថៃរូបនេះនៅត្រឹមទឹកទី៣ ។ សូមបញ្ជាក់ថា កាលពីទឹកទី២កណ្ដាប់ វីរៈ បានដាល់ចំពោះ ក្រាក់ បូឡេក បណ្ដាលឲ្យអាជ្ញាកណ្ដាលរាប់៨ម្ដងហើយ លុះមកដល់ទឹកទី៣កណ្ដាប់ដៃដដែលធ្វើឲ្យ ក្រាក់ បូឡេក ក្រោកលែងរួចតែម្ដង ។
ជាមួយគ្នានេះ សេក គឹមរូន មកពីក្លិបអង្គរមានជ័យខេរ្រសៀមរាបដែលធ្លាប់ផ្ដួលអ្នកប្រដាល់ ប៊ី ចាន់ណា របស់ក្លិបមហិទ្ធិរិទ្ធលោកតាដំបងដែកនៅទឹកទី៤នោះស្រាប់តែក្នុងការប្រកួតសងសឹកលើកនេះ ចាន់ណា បានទារបំណុលបានវិញទាំងដើមទាំងការតែម្ដង ។ ចាន់ណា មានប្រៀបលើគឹមរូនតាំងពីដើមទឹកទី១មកម្ល៉េះ ។ គេចាប់ផ្ដើមវាយប្រហារទាំងកំហឹងលើ គឹមរូន ចំណែកឯ គឹមរូន មិនសូវមានឱកាសវាយសងវិញឡើយគេបានត្រឹមតែដកថយ និងការពារប៉ុណ្ណោះ ។ នៅចុងទឹកទី២ ចាន់ណា បានបញ្ចេញមួយកែងចំគោលដៅបានយ៉ាងល្អធ្វើឲ្យ គឹមរូន មានរបួសលើចិញ្ចើមឆ្វេងយ៉ាងធំ ។ មកដល់ទឹកទី៣ឈាមបានហូររំខានយ៉ាខ្លាំងមកលើភ្នែករបស់ គឹមរូន ទើបគ្រូពេទ្យបញ្ឈប់មិនឲ្យប្រកួតបន្ត ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់