ការប្រកួតប្រដាល់ម៉ារ៉ាតុងលើសង្វៀនអាស៊ីអាគ្នេយ៍នឹងចាប់ផ្ដើមថ្ងៃស្អែកហើយ

នូ មករា August 3, 2018


ភ្នំពេញ៖ ការប្រកួតប្រដាល់បែបម៉ារ៉ាតុងលើសង្វៀនអាស៊ីអាគ្នេយ៍រៀងរាល់យប់ថ្ងៃសោរ៍នឹងចាប់ផ្ដើមនៅយប់ថ្ងៃទី៤ ខែសីហាខាងមុខនេះ ។ ការប្រកួតដែលមានចំនួន២គូនោះនៅយប់ដំបូងអ្នកប្រដាល់ ហុង ជីវ៉ុង របស់ក្លិបមិត្តប៉ូលិសនឹងប្រកួតជាមួយ ង៉ែត រដ្ឋា មកពីក្លិបតាព្រហ្មមានជ័យ ។ នេះជាគូប្រកួតមួយដែលគេលំបាកនឹងគិតទុកជាមុនណាស់ថាតើនរណាមានសមត្ថភាពដណ្ដើមជ័យជម្នះនោះ ។ រដ្ឋា គឺជាអ្នកប្រដាល់ជើងចាស់ដែលកំពុងតែដាំដូងចុះក្រោមចំពោះ ជីវ៉ុង ក៏មិនមែនជាអ្នកខ្សោយដែរតែគេហាក់នៅខ្ចីបន្តិចដូចនេះ ចាំមើលនរណារកបាន៣ពិន្ទុមុនគេ?

 

 

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ មុត ខ្លឹមខ្មៅ ក្លិបម្កុដរាជសីហ៍ជួបជាមួយអ្នកប្រដាល់ជើងចាស់ អ៊ុំ វណ្ណេត របស់ក្លិបការិយាល័យទី៥កងទ័ពជើងគោក ។ វណ្ណេត មិនមែនជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបនោះទេ ។ គេមានកលល្បិចល្អ និងកម្លាំងអស្ចារ្យណាស់ឯ ខ្លឹមខ្មៅ វិញស្នៀតរបស់គេមិនជាអស្ចារ្យនោះទេប៉ុន្តែកម្លាំងគេក៏មិនអន់ដែរ ។ ការប្រកួតជាមិត្តភាពជាមួយថៃវិញនោះខ្លាចាស់ ផុន ផាន់ណា ក្លិបខ្លារខិនមានរិទ្ធត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់បារាំង ណាសេ (NASER) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងម់៧១គីឡូក្រាម ។ នេះជាលើកទី២ហើយដែលអ្នកប្រដាល់បារាំងរូបនេះមកប្រកួតនៅស្រុកខ្មែរ ។ កាលពីខែមុនគេមកស្រុកខ្មែរដោយប្រកួតជាមួយអ្នកប្រដាល់ជើងចាស់កម្ពុជា ហេង វិឆ័យ មកពីក្លិបអេភូថងកីឡាដែលលទ្ធផលគឺស្មើពិន្ទុគ្នា ។ ពេលនេះគេបានជួបជាមួយ ផាន់ណា គឺអាចលំបាកជាង វិឆ័យ ហើយ ។ ណាសេ មានប្រវត្តិប្រកួតចំនួន២៩ដង ឈ្នះ១៧ដង ចាញ់១១ដង និងស្មើពិន្ទុ ១ដង ។ ចំពោះ ផាន់ណា វិញមានប្រវត្តិប្រកួតចំនួន៩៣ដង ឈ្នះ៦៨ដង ចាញ់២២ដង និងស្មើពិន្ទុ៣ដង ។ ការប្រកួតនេះទំនងជា ផុន ផាន់ណា មានឱកាសឈ្នះច្រើនជាងហើយ ៕

 

មតិយោបល់