SEA TV រៀបចំការប្រកួតប្រដាល់បែបម៉ារ៉ាតុងដណ្ដើមប្រាក់លាននៅដើមខែក្រោយ

នូ មករា July 26, 2018


ភ្នំពេញ: ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍បានសហការជាមួយស្រាបៀរហ្គេនស្ប៊ើករៀបចំការប្រកួតប្រដាល់ម៉ារ៉ាតុងដណ្ដើមប្រាក់លានរវាងអ្នកប្រដាល់កម្ពុជាជាមួយអ្នកប្រដាល់កម្ពុជា ។ ព្រឹត្តិការណ៍នេះនឹងចាប់ផ្ដើមពីថ្ងៃទី៤ ខែសីហាតទៅនៅរៀងរាល់យប់ថ្ងៃសោរ៍ ដោយមានអ្នកប្រដាល់កម្ពុជាចំនួន៨ រូបចូលរួមក្នុងព្រឹត្តិការណ៍នេះហើយចែកចេញជា ២ ពូលដែលមួយពូលៗមានអ្នកប្រដាល់ចំនួន៤ រូប ។ ពូលនីមួយប្រកួតជាលក្ខណៈវិលជុំសន្សំពិន្ទុហើយចុងក្រោយលេខ ១ ពូលA ប្រកួតជាមួយលេខ ១ ពូល B ដណ្ដើម ជើងឯកប្រាក់លានតែម្ដង ។

លោក ញាន សុធី ដែលជាអ្នកគ្រប់គ្រងកម្មវិធីប្រដាល់របស់អាស៊ីអាគ្នេយ៍បានបញ្ជាក់ថា នេះជាការផ្ដល់ឱកាសដល់អ្នកប្រដាល់ដែលមានវ័យច្រើនៗ និងអ្នកប្រដាល់ដែលកំពុងតែស្រុតចុះដើម្បីមានការងារធ្វើដើម្បីរកកម្រៃចិញ្ចឹមជីវិត ។ អ្នកប្រដាល់ទាំង៨រូបនោះសម្រាប់ពូល A មានដូចជា កីឡាករ ហុង ជីវ៉ុង មកពីក្លិបមិត្តប៉ូលីស  មុត ខ្លឹមខ្មៅ មកពីក្លិបម្កុដរាជសីហ៍  មាស សុជាតិ របស់ក្លិបឃ្លាំងមឿងកីឡា និង ហ៊ឹម សារ៉ាន់ មកពីសមាគមប្រដាល់ក្រសួងការពារជាតិ ។

ចំពោះពូលB មាន ង៉ែត រដ្ឋា មកពីក្លិបតាព្រហ្មមានជ័យ អ៊ុំ វណ្ណេត មកពីក្លិបការិយាល័យទី៥កងទ័ពជើងគោក  សេក គឹមរូនក្លិបអង្គរមានជ័យខេត្តសៀមរាប និង ហួន សុខនីម មកពីក្លិបមហីទ្ធិរិទ្ធមេសរថ្ងកខេត្តស្វាយរៀង ។ តើជើងខ្លាំងទាំង៨រូបនេះនរណាមានសមត្ថភាពក្លាយជាម្ចាស់ប្រាក់លាន ?

អត្ថបទ: វ៉ាន្នី

មតិយោបល់