អ្នកប្រយុទ្ធខ្មែរ ២ រូបប៉ះអុីរ៉ង់ និង ថៃ នៅសង្វៀន Ganzberg របស់អាស៊ីអាគ្នេយ៍

នូ មករា June 28, 2018


ភ្នំពេញ៖ អ្នកប្រដាល់ទម្ងន់ធ្ងន់កម្ពុជា ឯម ឡេងលី មកពីក្លិបថ្មគោលខ័ណ្ឌពោធិ៍សែនជ័យត្រៀមខ្លួនរួចហើយដើម្បីប្រកួតជាមួយអ្នកប្រដាល់ជនជាតិអ៊ីរ៉ង់ ហូសេន (Hosein) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាមនៅលើសង្វៀន Ganzberg របស់ SEA TV នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ។ ហូសេន បានទទួលការហ្វឹកហាត់ប្រដាល់នៅប្រទេសថៃហើយរូបគេទើបតែឆ្លងដែនមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ ។ ដូច្នេះ មិនមាននរណាដឹងថាអ្នកប្រដាល់រូបនេះមានសមត្ថភាពប៉ុណ្ណាហើយមានរបៀបវាយអស្ចារ្យក៏ជាអ្នកប្រដាល់ដែលអន់នោះឡើយ ។
 
សម្រាប់អ្នកប្រដាល់កម្ពុជា ឯម ឡេងលី ក៏មិនមែនជាអ្នកប្រដាល់ដែលខ្លាំងនោះដែរ ។ រូបគេទើបតែប្រកួតចាញ់ពិន្ទុអ្នកប្រដាល់រុស្ស៊ី អាតធឺ ស៊ូស៊ីនស្គី (Arthur Shushinsky) និងមានប្រវត្តិប្រកួតចំនួន៣៥ដង ឈ្នះ២៧ដង ចាញ់៧ដង និង ស្មើពិន្ទុ ១ដង ។ ចំពោះអ្នកប្រដាល់អ៊ីរ៉ង់ ហូសេន វិញគេមានប្រវត្តិប្រកួតចំនួន៣៥ដងដែរដែលក្នុងនោះឈ្នះបាន២៥ដង ចាញ់ ១០ដង ។ 
 
ចំពោះកីឡាករ លី ភា ក្លិបសំរោងកោងកីឡាខេត្តបាត់ដំបងត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ យ៉ត រ៉ាក់ណង (Yorth Raknong)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ នេះជាឱកាសដ៏កម្រមួយរបស់អ្នកប្រដាល់កម្ពុជារូបនេះក្នុងការប្រកួតជាមួយបរទេស ។ ការប្រកួតនេះប្រសិនបើគេបានទទួលជ័យជម្នះគេនឹងទទួលបានឱកាសកាស់កាន់តែថែមទៀតក្នុងការប្រកួតជាមួយបរទេស ។ សូមបញ្ជាក់ថា ការប្រកួតជាមួយអ្នកប្រដាល់បរទេសមានតម្លៃខ្លួនខ្ពស់ជាងការប្រកួតជាមួយអ្នកប្រដាល់រួមជាតិ ។ លី ភា មានប្រវត្តិប្រកួតចំនួន៦៦ដង ឈ្នះ៥៥ ដង ចាញ់១១ ដង ។ សម្រាប់ យ៉ត រ៉ាក់ណង គេធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់គួរសមដែរគេមិនមែនជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបនោះទេ ។ កណ្ដាប់ដៃ និងស្នៀតទាត់របស់គេល្អ និងអាចវាយចេញបានលឿន និងចល័តដកថយបានរហ័ស ។ គេមានប្រវត្តិប្រកួតចំនួន៧២ដង ឈ្នះ៥៥ដង ចាញ់១៧ដង ។ ការប្រកួតនេះទាំងសងខាងសុទ្ធតែតាំងចិត្តយកឈ្នះដូចគ្នាមិនដឹងថានរណាជួបជោគជតាល្អនោះឡើយ!
អត្ថបទ៖ វ៉ាន្នី

មតិយោបល់