៣២ ប្រទេសចូលរួមប្រកួតប្រដាល់សាកលពានស្តេចថៃ ខណៈកម្ពុជាមានកីឡាករ ៣រូប

នូ មករា June 28, 2018


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតប្រដាល់សាកលបើកទូលាយលើកទី១ នៅប្រទេសថៃដែលកម្ពុជាបានបញ្ជូនកីឡាករចំនួន ៣ រូបទៅចូលរួមនោះមានប្រទេសចំនួន៣២មកពីគ្រប់ទ្វីបទាំងអស់ចូលរួម ។ នេះជាការប្រកួតក្នុងក្របខណ្ឌប្រដាល់សាកលស្ម័គ្រចិត្តក្រោមការគ្រប់គ្រងរបស់សមាគមអន្តរជាតិប្រដាល់សាកលស្ម័គ្រចិត្តដែលហៅថា AIBA (Association International Boxing Amateur) ។
  
លោក វ៉ែន សុផល ប្រធានប្រតិភូ និងជាគ្រូបង្វឹកជម្រើសជាតិបានរាយការណ៍ពីទីក្រុងបាងកកមកថា កីឡាករកម្ពុជា ៣រូបរួមជាមួយរូបលោក និងគ្រូបង្វឹកជនជាតិគុយបាបានធ្វើដំណើរតាមរថយន្ដដល់ទីក្រុងបាងកកនៅល្ងាចថ្ងៃទី២៧ ខែមិថុនា ហើយនៅថ្ងៃទី២៨ នឹងធ្វើការប្រជុំបច្ចេកទេស ខណៈដែលថ្ងៃទី២៩ ខែមិថុនាត្រូវថ្លឹងទម្ងន់ ចំណែកការប្រកួតចាប់ផ្ដើមពីថ្ងៃទី៣០ ខែមិថុនាដល់ថ្ងៃទី៦ ខែកក្កដា ។
 
សូមបញ្ជាក់ថា នេះជាលើកទី១ហើយដែលប្រទេសថៃរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់សាកលកម្រិតអន្តរជាតិបែបនេះហើយការប្រកួតនេះគ្រប់គ្រងសមាគមប្រដាល់ស្ម័គ្រចិត្តអន្តរជាតិ (AIBA) និងទទួលខុសត្រូវដោយសមាគមប្រដាល់សាកលស្ម័គ្រចិត្តថៃ ។ ព្រឹត្តិការណ៍នេះមានឈ្មោះថា The 1st Thailand Open International Boxing Tournament 2018 នេះជាការប្រកួតដ៏ធំមួយដែលកម្ពុជានឹងលំបាកក្នុងការស្វែងរកមេដាយ ។ សូមបញ្ជាក់ថា កីឡាករកម្ពុជា៣រូបដែលទៅចូលរួមប្រកួតនោះមាន ឡន សៀម ដែលជាកីឡាករជម្រើសជាតិមកពីក្លិបមេសរថ្ងកខេត្តស្វាយរៀងដែលប្រកួតក្នុងប្រភេទទម្ងន់ ៤៩គីឡូក្រាម, កីឡាករ ណាត សៀកនិន ហៅ ពេជ្រ ម្ទេសខ្មាំង ដែលជាកីឡាករជម្រើសជាតិមកពីក្លិបអារុណរះកីឡាគេប្រកួតក្នុងប្រភេទទម្ងន់៥៦គីឡូក្រាម និងកីឡាករ ស៊ឹម វិសិដ្ឋ មកពីក្លិបតាឡីដំរីមានរិទ្ធដែលប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
នៅក្នុងការប្រកួតនេះបើនរណាឡើងដល់វគ្គ១៦នាក់ចុងក្រោយមួយប្រកួតបានរង្វាន់១០០ដុល្លារ មកដល់វគ្គ៨នាក់ចុងក្រោយមួយប្រកួតបាន២០០ដុល្លារ វគ្គ៤នាក់ចុងក្រោយមួយប្រកួត៣០០ដុល្លារ និងវគ្គផ្ដាច់ព្រ័ត្របាន៥០០ដុល្លាអ្នក។ ក្នុងព្រឹត្តិការណ៍នេះដែរបើប្រទេសណាដណ្ដើមបានមេដាយឈរនៅលំដាប់លេខ១បានរង្វាន់១០.០០០ ដុល្លារ, លេខ២បាន៧.៥០០ដុល្លារ និងលេខ៣បាន៥.០០០ដុល្លារ ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់