សុខ ធី មានឱកាសសងសឹក ខណៈ ONE Championship ផ្តល់ប្រាក់លើកទឹកចិត្ត ៥០០០ ដុល្លារក្រោយកាត់ក្ដីអយុត្តិធម៌

នូ មករា June 27, 2018


ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៦ ខែមិថុនាម្សិលមិញនេះ អង្គភាពរៀបចំការប្រកួតយុទ្ធគុនចម្រុះប្រចាំទ្វីបអាស៊ី ONE Championship បានប្រកាសផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៥០០០ដុល្លារដល់កីឡាករគុនខ្មែរកម្ពុជា សុខ ធី ក្រោយកាត់ក្ដីឱ្យរូបគេចាញ់កីឡាករថៃ កាលពីថ្ងៃសៅរ៍ ទី២៣ ខែមិថុនា នៅលើទឹកដីម៉ាកាវ ប្រទេសចិនកន្លងទៅ និងមានឱកាសអាចឡើងសងសឹកកីឡាករថៃដោយស្វ័យប្រវត្តិនាពេលឆាប់ៗខាងមុខ។

ប្រធាន និងជានាយកប្រតិបត្តិរបស់ ONE Championship លោក Chatri Sityodtong បានឲ្យដឹងថា៖ «បន្ទាប់ពីការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ទៅលើការប្រកួតដ៏រំភើបរវាង Lerdsila Phuket Top Team និងសុខ ធី រួចមក ONE Championship បានរកឃើញថា ការប្រកួតនេះស្ថិតក្នុងភាពប្រកៀកប្រកិតគ្នាខ្លាំង។ នៅក្នុងបរិបទនេះយើងមានអារម្មណ៍ថាវាសមស្របក្នុងការផ្តល់កិត្តិយសដល់កីឡាករសុខធីដែលត្រូវទទួលបានប្រាក់រង្វាន់ចំនួន 5.000 ដុល្លារដោយសារតែការសម្រេចចិត្តដ៏ចម្រូងចម្រាស់ និងការប្រកួតប្រជែងដោយស្វ័យប្រវត្តិនាពេលខាងមុខ ខណៈពេលវេលា និងទីកន្លែងនឹងត្រូវប្រកាសជាក្រោយ»។

ជាមួយគ្នានេះដែរគ្រូបង្វឹកក្លិប Cambodia Top Team និងជាអ្នកនាំកីឡាករ  សុខ ធី ទៅប្រកួត លោកហ៊ុន ចាន់រាជ បាននិយាយថា៖ «ពិតណាស់ យើងបានធ្វើការតវ៉ា ក្រោយពីការកាត់សេចក្តីសម្រាប់ការប្រកួតនេះ។ ខ្ញុំពិតជារីករាយណាស់ចំពោះការលើកទឹកចិត្តរបស់ ONE Championship ព្រោះវាមិនធ្វើឲ្យ សុខ ធី បាក់ទឹកចិត្ត»។

គួបញ្ជាក់ផងដែរថា ជំនួបប្រកួតរវាងកីឡាករទាំង២ បានប្រកួតគ្នាក្នុងលក្ខណៈប្រដាល់សេរីក្នុងកម្មវិធី ONE Super Series Muay Thai ទម្ងន់៦១,២គីឡូក្រាម ក្នុងការប្រកួតគូឯកនៃព្រឹត្តិការណ៍ ONE: PINNACLE OF POWER ដែលបានប្រព្រឹត្តទៅនៅសង្វៀន Studio City Event Center ក្នុងទីក្រុងម៉ាកាវ ប្រទេសចិនកន្លងទៅនេះ ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់