អ្នកប្រដាល់សាកលកម្ពុជា៣រូបទៅចូលរួមប្រកួតដណ្ដើមពានរង្វាន់ស្ដេចថៃ

នូ មករា June 26, 2018


ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនានេះអ្នកប្រដាល់សាកលកម្ពុជាចំនួន៣រូបនឹងចេញដំណើរទៅកាន់ទីក្រុងបាងកកប្រទេសថៃដើម្បីចូលរួមប្រកួតដណ្ដើមពានរង្វាន់ស្ដេចថៃ (King-Cup) ។ លោក វ៉ែន សុផល ដែលជាគ្រូបង្វឹកជម្រើសជាតិបាននិយាយឲ្យដឹងថាការប្រកួតនេះតាមដែលលោកធ្លាប់ដឹកនាំទៅចូលរួមកន្លងមកនោះគឺមានប្រទេសមិនតិចជាង២០ទេដែលមកពីគ្រប់ទ្វីបទាំងអស់ចូលរួម ។ សូមបញ្ជាក់ថា កីឡាករកម្ពុជា ៣រូបដែលទៅចូលរួមប្រកួតនោះមាន ឡន សៀមុំ ជាកីឡាករជម្រើសជាតិមកពីក្លិបមេសរថ្ងកខេត្តស្វាយរៀងដែល
ប្រកួតក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម ។  កីឡាករ ណាត សៀកនិន ហៅពេជ្រ ម្ទេសខ្មាំង ដែលជាកីឡាករជម្រើសជាតិមកពីក្លិបអារុណរះកីឡាគេប្រកួតក្នុងប្រភេទទម្ងន់៥៦គីឡូក្រាម និង កីឡាករ ស៊ឹម វិសិដ្ឋ មកពីក្លិបតាឡីដំរីមានរិទ្ធដែលប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។


លោក វ៉ែន សុផល បានឲ្យដឹងទៀតថា ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែមិថុនាដល់ថ្ងៃទី៦ ខែកក្កដាទើបបញ្ចប់។ នៅថ្ងៃទី២៧ ខែមិថុនាពួកគេនឹងចេញដំណើរហើយនៅថ្ងៃទី២៨ នឹងចូលរួមប្រជុំបច្ចេកទេស ខណៈដែលនៅថ្ងៃទី២៩ ខែមិថុនាថ្លឹងទម្ងន់ហើយថ្ងៃទី៣០ចាប់ផ្ដើមប្រកួតតែម្តង ។ នៅក្នុងការប្រកួតនេះបើនរណាឡើងដល់វគ្គ១៦នាក់ចុងក្រោយមួយប្រកួតបានរង្វាន់១០០ដុល្លារ មកដល់វគ្គ៨នាក់ចុងក្រោយមួយប្រកួតបាន២០០ដុល្លារ វគ្គ៤នាក់ចុងក្រោយមួយប្រកួត៣០០ដុល្លារ និងវគ្គផ្ដាច់ព្រ័ត្របាន៥០០ដុល្លាអ្នក។
ក្នុងព្រឹត្តិការណ៍នេះបើប្រទេសណាដណ្ដើមបានមេដាយឈរនៅលំដាប់លេខ១ បានរង្វាន់ ១០.០០០ដុល្លារ, លេខ២បាន៧.៥០០ដុល្លារ និងលេខ៣បាន៥.០០០ដុល្លារ ។ គ្រូបង្វឹករូបនេះបានអះអាងថាកន្លងមកលោកធ្លាប់ដឹកនាំកីឡាករទៅចូលរួមក្នុងព្រឹត្តិការណ៍នេះដោយដណ្ដើមបានមេដាយដែរតែពុំធ្លាប់បានជាប់ចំណាត់ថ្នាក់ជាក្រុមឡើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់