ជើងខ្លាំងខ្មែរ និង បរទេស ៣គូប្រជែងគ្នាលើសង្វៀនអាស៊ីអាគ្នេយ៍ព្រឹកថ្ងៃអាទិត្យនេះ!

នូ មករា June 22, 2018


ភ្នំពេញ៖ សម្រាប់ព្រឹកថ្ងៃអាទិត្យទី២៤ ខែមិថុនាខាងមុខនេះនៅលើសង្វៀនអាស៊ីអាគ្នេយ៍នឹងមានការប្រកួតរវាងអ្នកប្រដាល់កម្ពុជាជាមួយអ្នកប្រដាល់បរទេសចំនួន ៣ គូ ។ ក្នុងនោះខ្លាចាស់ នន់ ជំនិត មកពីក្លិបស្វាយរលំឬទ្ធិជ័យត្រូវជួបប្រកួតជាមួយអ្នកប្រដាល់រុស្ស៊ី អាតធឺ ស៊ូស៊ីនស្គី (Arthur Shushinsky) ក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។ ជំនិត គឺជាអ្នកប្រដាល់ដែលមានទេពកោសល្យក្នុងការប្រើដៃមិនតែប៉ុណ្ណការវាយចេញរបស់គេមានប្រសិទ្ធិភាពទៀតផង ។ បន្ទាប់ពីដើរចេញពីការប្រកួតមួយរយៈពេលវែងមកនោះអ្នកប្រដាល់ជើងចាស់បានវិលមកកាន់សង្វៀនប្រដាល់វិញជាមួយនឹងជ័យជម្នះទៀតផង ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៧៣ដង ឈ្នះ៥៦ដង ចាញ់១៥ដង និងស្មើពិន្ទុ ២ ដង ។
 
ចំពោះអ្នកប្រដាល់រុស្ស៊ី អាតធឺ វិញគេធ្លាប់មកប្រកួតនៅស្រុកខ្មែរ២-៣ដងហើយដែលភាគច្រើនគេបានទទួលជ័យជម្នះច្រើនជាងបរាជ័យ ។ អ្នកប្រដាល់រុស្ស៊ីរូបនេះចេះប្រើជង្គង់ និងកែងបានយ៉ាងល្អ រីឯកណ្ដាប់ដៃរបស់គេធ្ងន់ណាស់ ។ រូបគេមានប្រវត្តិប្រកួតចំនួន៣៣ដង ឈ្នះ២៥ដង ចាញ់៨ដង ។ អ្នកប្រដាល់ទាំង២រូបនេះនឹងប្រកួតគ្នាបានល្អមើលជាមិនខាន ប៉ុន្តែចំពោះរឿងចាញ់-ឈ្នះមិនអាចទស្សន៍ទាយបានឡើយ ។
សម្រាប់ សុខ សាវីន មកពីក្លិបអេលីតគុនខ្មែរដែលមិនសូវមាននរណាស្គាល់នោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ ពីន ង៉េន (Pin Ngen) ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម ។ អ្នកប្រដាល់ថៃរូបនេះទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេដោយមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៤៩ដង ចាញ់១៧ដងស្មើពិន្ទុ ១ដង ។ ចំពោះសុខ សាវីន វិញគេមានប្រវត្តិប្រកួតចំនួន៩០ដង ឈ្នះ៦៥ដង ចាញ់២០ដង និងស្មើពិន្ទុ៥ដង ។
 
មួយគូទៀតនោះគឺ សេន កុសល មកពីក្លិបមោងឬស្សីមរតកគុនខ្មែរប្រកួតជាមួយអ្នកប្រដាល់វ័យចំណាស់ថៃ ស៊ីង ផុនសៃ (Sing Phonsai) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ កុសល មានប្រវត្តិប្រកួតចំនួន៥៨ដង ឈ្នះ៤៤ដង ចាញ់១២ដង ស្មើពិន្ទុ២ដង ។ ចំពោះ ស៊ីង ផុនសៃ វិញគេប្រវត្តិប្រកួតចំនួន៥៤ដង ឈ្នះ៤៤ដង ចាញ់១០ដង ។ រវាងអ្នកប្រដាល់ទាំង២រូបនេះនរណាជាអ្នកឈ្នះ?
អត្ថបទ៖ វ៉ាន្នី

មតិយោបល់