អ្នកប្រដាល់វ័យក្មេង ធន មករា អាចស្វែងរកជ័យជម្នះបានទេសប្ដាហ៍នេះ ?

នូ មករា June 21, 2018


ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៥៧គីឡូក្រាមនៅលើសង្វៀនអាស៊ីអាគ្នេយ៍នារសៀលថ្ងៃទី២៣ ខែមិថុនា នេះអ្នកប្រដាល់ ធន មករា មកពីសមាគមប្រដាល់ក្រសួងការពារជាតិត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ ភេច យ៉ាកស៊ូ (Phach Yaksou) ។ មករា មួយប្រកួតដំបូងរបស់គេមិនជួបសំណាងល្អឡើយដោយគេចាញ់ពិន្ទុអ្នកប្រដាល់ថៃធៀប កៅ (Theap Kao) ។ ពេលនេះគេជួបជាមួយ ភេច យ៉ាកស៊ូ ដែលជាអ្នកប្រដាល់លំបាកបង្ក្រាបខ្លាំងណាស់ ។ មករា គឺជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលការប្រកួតរបស់គេកម្រជួបបរាជ័យណាស់ ក៏ប៉ុន្តែសម្រាប់ការប្រកួតលើកទី២នេះរូបគេត្រូវការឈ្នះណាស់ប្រសិនបើគេចាញ់នោះឱកាសសម្រាប់ឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងត្រូវបាត់បង់ជាមិនខាន ។ កីឡាករកម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៦២ដង ឈ្នះ៥៥ដងចាញ់៤ដង ស្មើពិន្ទុ ២ដង និងវាយគូប្រកួតឲ្យសន្លប់បាន១៥ដង ។
ចំពោះ ភេច យ៉ាកស៊ូ វិញមួយប្រកួតដំបូងរបស់គេក៏ជួបបរាជ័យហើយការប្រកួតមួយនេះក៏គេត្រូវការឈ្នះដែរព្រោះបើគេចាញ់ទៀតនោះឱកាសសម្រាប់ឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រទំនងជាបាត់បង់ហើយ ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦១ដង ឈ្នះ៤៩ដង ចាញ់១១ដង និងស្មើពិន្ទុ១ដង ។ តើជំនួបមួយនេះជាសំណាងល្អជារបស់ ធន មករា ឬ ជារបស់ ភេច យ៉ាស៊ូ? សម្រាប់អ្នកមិនទាន់ឈ្នះទាំង២រូបនេះនឹងមានម្នាក់ស្គាល់ឈ្នះ ហើយម្នាក់ទៀតបន្ថែមស្ថិតិចាញ់ទៅក្នុងកំណត់ត្រាប្រកួតរបស់ខ្លួនជាមិនខាន ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់