យឹម ឌៀប បង្ហាញមហិច្ឆតាចង់ធ្វើជាគ្រូបង្វឹក ក្រោយឡើងសង្វៀនប្រដាល់លែងកើត

នូ មករា June 20, 2018


ភ្នំពេញ៖ បន្ទាប់ពីបាត់មុខអស់រយៈពេលជាច្រើនឆ្នាំ អ្នកប្រដាល់ យឹម ឌៀប ដែលមានឈ្មោះល្បីក្នុងជំនាន់ ផល សុផាត,ជាម អាដាំ,សៅ ប៊ុននឿន និងទេស សារ៉ាយ នោះ បានលេចមុខមកសារជាថ្មីកាលពីចុងសប្ដាហ៍កន្លងទៅនេះដើម្បីមករកការងារធ្វើជាគ្រូបង្វឹក ឬគណៈកម្មការប្រដាល់ដើម្បីបានកម្រៃខ្លះទៅចិញ្ជឹមម្ដាយចាស់ជរានៅក្នុងខេត្តកំពង់ស្ពឺ ។ ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសមាគមប្រដាល់កីឡាក្រសួងមហាផ្ទៃលោកឧត្តមសេនីយ៍ឯក ម៉ក់ សំអុល មានប្រសាសន៍ថា៖ «ករណីអតីតកីឡាករ យឹម ឌៀប ដែលស្វែងរកការងារជាគ្រូបង្វឹកនេះ ខ្ញុំគិតថា យឹម ឌៀប អាចមានទេពកោសល្យបង្ហាត់ល្អ ព្រោះធ្លាប់ជាកីឡាករវ៉ៃល្អ ទាត់ធ្ងន់ និងកណ្តាប់ដៃល្អ។ ក្នុងនាមខ្ញុំជាប្រធានសមាគមប្រដាល់កីឡាក្រសួងមហាផ្ទៃ គឺត្រូវការសមត្ថភាពរបស់គេ ដើម្បីមកបង្វឹកឲ្យកីឡាករនៅសមាគមប្រដាល់សួងមហាផ្ទៃ»។ លោកបានបន្តថា៖ «ប៉ុន្តែចាំយើងពិនិត្យពិភាក្សាជាមួយបង តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរសិន ព្រោះតាមសហការីខ្ញុំរាយការណ៍ថា យឹម ឌៀប ធ្លាប់នៅក្រោមការគ្រប់គ្រងរបស់សមាគមប្រដាល់កីឡាក្រសួងការពារជាតិ។ បើសិនបង តែម ម៉ឺន អនុញ្ញាត សមាគមយើង នឹងទទួលយក យឹម ឌៀប ជួយគាត់ឲ្យមានការងារជាគ្រូបង្វឹកបាន និងដើម្បីពង្រឹងសមត្ថភាពកីឡាករប្រដាល់យើងឲ្យបានល្អផង»។
សូមបញ្ជាក់ថា ក្រោយប្រកួតលែងកើត អ្នកប្រដាល់រូបនេះគ្មានមុខរបរអ្វីពិតប្រាកដទេ គឺនៅជាមួយម្តាយដែលមានវ័យចាស់ផង ហើយអ្វីដែល យឹម ឌៀប ចង់បំផុត គឺធ្វើជាគ្រូបង្វឹកដល់ក្មេងៗ ជាអ្នកប្រដាល់ជំនាន់ក្រោយ និងធ្វើជាគណៈកម្មការចៅក្រមអាជ្ញាកណ្តាលផងដែរ ដើម្បីបានកម្រៃខ្លះៗដូចរៀមច្បងប្រដាល់ដទៃទៀត»។ យឹម ឌៀប បាននិយាយថា៖ «ខ្ញុំសព្វថ្ងៃ គ្មានការងារ និងគ្មានបានក្របខ័ណ្ឌជាទាហាន ឬកងទ័ព ដូចកីឡាកររួមជំនាន់នោះទេ គឺពិតជាគ្មានការងារ និងប្រាក់ខែអ្វីទាំងអស់ ដោយបច្ចុប្បន្នអត់មានពាក់ព័ន្ធជាមួយក្លិបប្រដាល់ណាមួយនោះឡើយ»។ គួរបញ្ជាក់ផងដែរថា អតីតកីឡាករមានកម្ពស់ ១,៦៩ ម៉ែត្រ យឹម ឌៀប ធ្លាប់ប្រកួតជាង ១០០ ដង និងធ្លាប់ទទួលបានលេខ ២ ក្រោយប្រកួតចាញ់ សៅ ប៊ុននឿន ទាំងមិនអស់ចិត្ត។ យឹម ឌៀប ធ្លាប់ជាកីឡាករនៅក្នុងសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ហើយបច្ចុប្បន្នគេមានអាយុប្រមាណជា ៣២ ឆ្នាំហើយ៕ អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់