ប្រមុខប្រដាល់គុនខ្មែរ ដាក់ពិន័យចៅក្រម ៣រូបក្រោយមានកំហុសកាលប្រកួតកីឡាជាតិ

នូ មករា June 11, 2018


ភ្នំពេញ៖ បន្ទាប់ពីមានការបង្ហោះតៗគ្នាតាមបណ្ដាញសង្គម Facebook អស់រយៈពេលជាច្រើនថ្ងៃរួចមក លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានស្រាវជ្រាវរកឃើញថា ចៅក្រម ៤រូបបានផ្ដល់ការកាត់ក្ដីមិនមានភាពយុតិ្តធម៌ដល់កីឡាករក្នុងព្រឹត្តិការណ៍កីឡាជាលើកទី២ ដែលទើបតែបញ្ចប់ការប្រកួតកាលពីពេលថ្មីៗកន្លងទៅនេះ ។ ករណីនេះបានកើតមានឡើងបន្ទាប់ពីចៅក្រមបានដាក់ពិន្ទុឲ្យ កីឡាករ សុខ រិទ្ធ ចាញ់ពិន្ទុ ហ៊ឹម សេរី ក្នុងការប្រកួតផ្តាច់ព្រ័ត្រនៃកីឡាជាតិលើកទី២ ខណៈដែលក្នុងថ្ងៃទទួលមេដាយនោះ សុខ រិទ្ធ បានបោកកម្រងផ្កា និងមេដាយប្រាក់នៅមុខគណៈអធិបតីដើម្បីបង្ហាញពីភាពអយុត្តិធម៌ដែលគេទទួលបានហើយ សុខ រិទ្ធ មិនព្រមបើកប្រាក់រង្វាន់មេដាយប្រាក់ចំនួន ៦០ ម៉ឺននោះឡើយ ។ បើតាមន្ត្រីសហព័ន្ធដែលសុំមិនឲ្យបញ្ចេញឈ្មោះឱ្យដឹងថា៖ «ចៅក្រមទាំង ៣ នាក់ ដែលជាប់ពិន័យ ដោយបានផ្តល់ពិន្ទុឲ្យ ហ៊ឹម សេរី ឈ្នះនោះ មានចៅក្រម នួន បូរ៉ា,សួន ប៊ុនសូត្រ និង ឡឹក ចំណាប់ ចំណែក លោក មាស សុខគ្រី ដែលជាប្រធានវិនិច្ឆ័យ និងជាមេខ្លោងក្នុងការធ្វើឲ្យមានកំហុសនេះត្រូវបានរួចខ្លួនទៅវិញ»។ លោក មាស សុខគ្រី ជាគ្រូបង្វឹករបស់ ហ៊ឹម សេរី ដែលជាប្រធានវិនិច្ឆ័យបានធ្វើទាំងល្មើសច្បាប់ប្រកួតនាពេលនោះ បែរជារួចខ្លួនដោយគ្រាន់តែត្រូវស្តីបន្ទោសផ្ទាល់មាត់ក្នុងអង្គប្រជុំបិទទ្វារមួយដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានធ្វើឡើងកាលពីសប្តាហ៍មុនដើម្បីពិនិត្យវាយតម្លៃ និងសកម្មភាពតាមរយៈការចាក់វីដេអូការប្រកួតរបស់ ហ៊ឹម សេរី និង សុខ រិទ្ធ ឡើងវិញ ។
 
ពាក់ព័ន្ធជាមួយរឿងដ៏កក្រើកបណ្ដាញសង្គម Facebook នេះ លោក តែម ម៉ឺន បានមានប្រសាសន៍ថា៖ «ករណីលោក មាស សុខគ្រី មានកំហុសជារឿងបុគ្គលរបស់គាត់ ប៉ុន្តែគាត់ទៅធ្វើជាប្រធានវិនិច្ឆ័យពេលនោះ អត់មានច្បាប់ណាដាក់ពិន័យគាត់បាន ព្រោះគាត់មិនបានកែប្រែលទ្ធផលទេដោយសារលទ្ធផលចេញពីចៅក្រមទាំង ៣ នាក់ ដែលឲ្យកីឡាករ ហ៊ឹម សេរី ឈ្នះ អ៊ីចឹង គាត់ត្រូវតែសម្រេចតាមនោះ»។ លោកបានបន្តថា៖ «ប្រធានវិនិច្ឆ័យ ក្នុងការប្រកួតថ្នាក់ជាតិ ឬខ្សែក្រវាត់ ឬវគ្គផ្តាច់ព្រ័ត្រណាមួយ ត្រូវសម្រេចតាមចៅក្រមដែលផ្តល់ពិន្ទុបញ្ជូនមកតុគណៈកម្មការ ចំណែកឯប្រធានវិនិច្ឆ័យគ្រាន់តែបូកសរុបប្រកាសលទ្ធផលប៉ុណ្ណោះមិនអាចដាក់ពិន័យបានទេ»។ លោកបានពន្យល់ដោយបកស្រាយថា៖ «បុគ្គលទទួលខុសត្រូវខ្លួនឯង។ ទស្សនៈរបស់ខ្ញុំ ជាអ្នកដឹកនាំ គឺមិនឃុបឃឹត ឬគាំទ្រអ្នកធ្វើខុសទេ ប៉ុន្តែការចាត់វិធានការ ត្រូវធ្វើតាមច្បាប់ និងលក្ខខណ្ឌ ដែលបានចែង ហើយបើមានភ័ស្តុតាងច្បាស់លាស់ទៅលើបុគ្គលណា គឺទទួលខុសត្រូវតាមច្បាប់»។ លោក រាជ សុផែន មន្ត្រីជាន់ខ្ពស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាននិយាយថា៖ «អ្វីៗដែលកើតឡើង វាជាសិទ្ធិសម្រេចរបស់សហព័ន្ធ ប៉ុន្តែមានបុគ្គលខ្លះ បានបង្កើតរឿងមិនចេះអស់ មិនចេះហើយ នាំឲ្យលំបាកដល់លោកប្រធាន និងសហការីទាំងអស់ក្នុងសហព័ន្ធឈឺក្បាល។ ហេតុនេះខ្ញុំគាំទ្រចំណាត់ការរបស់សហព័ន្ធ មិនត្រូវយោគយល់បន្តទៀតទេ ព្រោះខូចឈ្មោះដល់គេដែលល្អ»៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់