ធន មករា ជួបបរាជ័យ ចំណែឯ ឈុត សេរីវ៉ាន់ថង ដណ្តើមបានជ័យជម្នះ

នូ មករា June 10, 2018


ភ្នំពេញ៖ ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៥៧គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍កាលពីរសៀលថ្ងៃទី៩ ខែមិថុនាអ្នកប្រដាល់ជើងខ្លាំងកម្ពុជា ធន មករា បានប្រកួតចាញ់អ្នកប្រដាល់ថៃ ធៀប កៅ (Theap Kao) ដោយពិន្ទុដាច់តែម្ដង ។ នៅក្នុងការប្រកួត៥ទឹកនោះ មករា បានវាយសម្រុក និងវ៉ៃចេញបានច្រើនតែការវ៉ៃចេញរបស់គេមិនសូវចំគោលដៅឡើយមិនតែប៉ុណ្ណោះអ្នកប្រដាល់កម្ពុជារូបនេះត្រូវអ្នកប្រដាល់ថៃកាច់ឲ្យដួលលើសង្វៀនជាញឹកញាប់ទៀតផង ។

ការប្រកួតទាំង៥ទឹកស្ថិតក្នុងស្ថានភាពតឹងតែងក៏ពិតមែនតែក្នុងចំណោមចៅក្រម៥រូបមាន៤រូបផ្ដល់ពិន្ទុឲ្យ ធៀប កៅ ឈ្នះហើយមានតែមួយរូបប៉ុណ្ណោះដែលផ្ដល់ពិន្ទុឲ្យ ធន មករា ឈ្នះ ។ មករា ទើបតែដណ្ដើមបានពានរង្វាន់ជើងឯកពីការប្រកួតទម្ងន់៥៧គីឡូក្រាមនៅស្ថាននីយ៍ទូរទស្សន៍មួយប៉ុន្តែពេលនេះក្នុងព្រឹត្តិការណ៍នេះការប្រកួតដំបូងរបស់គេជួបបរាជ័យទៅវិញ ។ ចំពោះ ឈុត សេរីវ៉ាន់ថង មកពីក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងប្រកួតឈ្នះអ្នកប្រដាល់ថៃ ភេច យ៉ាកស៊ូ (Pnach Yaksou) ដោយពិន្ទុដាច់តែម្ដង ។ ការប្រកួតស្ថិតក្នុងលក្ខណៈតឹងតែងតែការវ៉ៃចេញរបស់ សេរី វ៉ាន់ថង មានប្រៀបលើគូប្រកួតគ្រប់ទឹកតែម្ដង។ បន្ទាប់ពីចប់ការប្រកួតចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឱ្យ សេរី វ៉ាន់ថង ឈ្នះគ្រប់ៗគ្នា ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់