រដូវកាលទី២នៃព្រឹត្តិការណ៍កំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែកនឹងចាប់ផ្ដើមនៅចុងខែនេះ

នូ មករា June 10, 2018


ភ្នំពេញ៖ ព្រឹត្តិការណ៍កំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែកលើសង្វៀន CNC វេលាថ្ងៃត្រង់រៀងរាល់ថ្ងៃអាទិត្យបន្ទាប់ពីបញ្ចប់រដូវកាលទី១ដោយពានរង្វាន់បានទៅកីឡាករ ឡៅ ចន្ទ្រា មកពីក្លិបទ័ពឆ័ត្រយោង៩១១នោះ នឹងឈានចូលដល់រជ្ជកាលទី២ដែលនឹងចាប់ផ្ដើមនាថ្ងៃទី២៧ ខែមិថុនាខាងមុខនេះ ។ ក្នុងសន្និសីទកាសែតវេលាថ្ងៃត្រង់ថ្ងៃទី១០ ខែមិថុនាដែលមានការចូលរួមដោយ លោក សុខ វិចិត្រ នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន ISI Steel, លោក ហួរ រតនៈ ប្រធានទីផ្សារទូរទស្សន៍ CNC និងលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរកម្ពុជា បានឲ្យដឹងថាព្រឹត្តិការណ៍នេះមានអ្នកប្រដាល់កម្ពុជា៤រូប និងអ្នកប្រដាល់ ថៃ៤រូបចូលរួម ។
  
កម្ពុជាស្ថិតនៅពូល A និង ថៃស្ថិតនៅពូល B ហើយពូលទាំងពីរត្រូវប្រកួតគ្នាដើម្បីសន្សំពិន្ទុពោគឺឈ្នះបានទទួល ៣ ពិន្ទុ ចាញ់បាន ១ពិន្ទុ និងអវត្តមាន០ ពិន្ទុ ។ បន្ទាប់ពីបញ្ចប់ការប្រកួតសន្សំពិន្ទុក្នុងពូលអ្នកប្រដាល់៤រូបដែលមានពិន្ទុលើសគេនឹងត្រូវឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រអ្នកដែលបានចំណាត់ថ្នាក់លេខ ២ ប្រកួតជាមួយអ្នកបានចំណាត់ថ្នាក់លេខ ៣ រីឯអ្នកបានចំណាត់ថ្នាក់លេខ ១ ប្រកួតជាមួយអ្នកដណ្ដើមបានចំណាត់ថ្នាក់លេខ ៤ ។ អ្នកចាញ់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រត្រូវប្រកួតគ្នាដណ្ដើមចំណាត់ថ្នាក់លេខ ៣ ចំណែកអ្នកឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រកួតគ្នាដណ្ដើមចំណាត់ឋានៈជាជើងឯក ។
សម្រាប់អ្នកប្រដាល់កម្ពុជា៤រូបនោះមាន មឿន សុខហ៊ុច មកពីក្លិបពុទ្ធសេរីវង្ស ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន១០៧ដង ឈ្នះ៧៦ដង ចាញ់២៥ដង ស្មើពិន្ទុ៦ដង និងវាយគូប្រកួតឲ្យសន្លប់បាន១៧ដង ។ ជឹម ចិត្រា មកពីក្លិបខ្លារខិន មានរិទ្ធ ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៥៨ដង ចាញ់១៦ដងស្មើពិន្ទុ ១ ដង និងវាយគូប្រកួត សន្លប់បានចំនួន១០ដង ។ ជា សំនៀង មកពីក្លិបទ័ពឆ័ត្រយោង៩១១ ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៩៩ដង ឈ្នះ៨៥ដង ចាញ់១៣ដង ស្មើពិន្ទុ១ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៩ដង ។ ឆៃ សារ៉ា មកពីសមាគមប្រដាល់ក្រសួងការពារជាតិ ដែលអ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៨៨ដង ឈ្នះ៦៣ដង ចាញ់២១ដងស្មើពិន្ទុ៤ដង និងវាយគូប្រកួតឲ្យដួល សន្លប់បានចំនួន២៧ដង ។
 
ចំពោះអ្នកប្រដាល់ថៃវិញនោះមាន Phlay Noy Por Pao In ។ អ្នកប្រដាល់ថៃរូបនេះធ្លាប់ស្ពាយខ្សែក្រវាត់មួយពីស្រុកខ្មែរយកទៅ ។ គេមានប្រវត្តិប្រកួតចំនួន៩០ដង ឈ្នះ៧៥ដង ចាញ់១២ដង ស្មើពិន្ទុ៣ដង និងវាយគូប្រកួត ឲ្យសន្លប់បានចំនួន២៣ដង ។ Dinna Pho Sor Thanyalak មានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦៣ដង ចាញ់១៤ដងស្មើពិន្ទុ២ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន៦ដង ។ Kreang Krai Tor Seilachaiអ្នកប្រដាល់ថៃរូបនេះក៏ទើបតែស្ពាយខ្សេក្រវាត់ពីស្រុកខ្មែរទៅស្រុកថៃកាល ពីពេលថ្មីៗនេះ ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៩៦ដង ឈ្នះ៧០ដង ចាញ់២៣ដងស្មើពិន្ទុស្មើពិន្ទុ៣ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៩ដង ។ Niv Vangchan Pakornsurin មានប្រវត្តិប្រកួតចំនួន៩០ដង ឈ្នះ៦៧ដង ចាញ់២០ដង ស្មើពិន្ទុ៣ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន២០ដង ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់