ឃីម បូរ៉ា ប្រកាសមិនខ្លាចជើងខ្លាំងថៃ ផាត ឆាយ៉ាកភូមិ មុនជួបគ្នាថ្ងៃសៅរ៍នេះ!

នូ មករា May 31, 2018


ភ្នំពេញ៖ អ្នកប្រដាល់ ឃីម បូរ៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យប្រកាសថាគេមិនខ្លាចអ្នកប្រដាល់ថៃឈ្មោះ ផាតឆាយ៉ាកភូមិ (Phat Chhayakphum) ឡើយទោះបីកន្លងមកអ្នកប្រដាល់ថៃរូបនេះធ្លាប់ផ្ដួលអ្នកប្រដាល់កម្ពុជាខ្លាំងៗបានជាច្រើននាក់ហើយក៏ដោយ ។ ជាមួយនឹងការប្រកាស់មិនខ្លាចបែបនេះនៅយប់ថ្ងៃទី២ ខែមិថុនា ខាងមុខ បូរ៉ា ត្រូវបានមន្ត្រីខាងផ្គូរផ្គងដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃរូបនេះតែម្តងនៅសង្វៀន SEA TV ។ សូមបញ្ជាក់ថា បូរ៉ា ក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលមានស្នៀតកែង និងជង្គង់ដ៏អស្ចារ្យណាស់ ។ ការវាយចេញរបស់គេមានប្រសិទ្ធិភាពតែអ្នកប្រដាល់រូបនេះច្រើនតែគ្មានសំណាងព្រោះពេលខ្លះគេវាយបានល្អ និងមានប្រៀបលើគូប្រកួតតែបែរជាភ្លាត់ស្នៀតត្រូវគូប្រកួតច្រាស់សងមកវិញបណ្ដាលឲ្យសន្លប់ក៏មានដែរ ។
  
ជាពិសេសពេលខ្លះគេបង្ហាញនូវភាពក្លាហានណាស់តែបន្ទាប់ពីគូប្រកួតវាយសម្រុកគំហុកមកវិញនោះចិត្តរបស់គេរារែកក្នុងការវាយសងគូប្រកួតតែម្ដង ។ ជាមួយនឹងការរារែកនេះធ្វើឲ្យគេបាត់បង់ស្មារតីប្រកួតលែងមានជំនឿចិត្តលើខ្លួនឯងហើយបើត្រូវគូប្រកួតវាយសម្រុកខ្លាំងមកទៀតនោះគឺគេសន្លប់តែម្ដង ។ សូមបញ្ជាក់ថា កម្លាំងរបស់ បូរ៉ា ឆាប់ស្រុតចុះណាស់គឺចាប់ពីទឹកទី៤ទៅគេខ្សោយកម្លាំងតែម្ដង ។ ចំពោះអ្នកប្រដាល់ថៃ ផាត ឆាយ៉ាកភូមិ វិញគេប្រើបានល្អទាំងកណ្ដាប់ដៃ ជង្គង់ និងកែងពិសេសកម្លាំងរបស់ គេអាចវាយបាន៥ទឹកពេញដោយគ្មានបញ្ហាឡើយ ។ គេមិនត្រឹមតែជាអ្នកប្រដាល់ដែលក្លាហប៉ុណ្ណោះទេតែគេការពារបានល្អ និងមិនបំពានលើគូប្រកួតទៀតផង ។ សម្រាប់ការប្រកួតនេះគឺជាការងារធ្ងន់សម្រាប់ បូរ៉ា ហើយៗ ផាត ឆាយ៉ាកភូមិ ក៏មិនស្រួលបង្ក្រាបបូរ៉ាដែរព្រោះ កែងរបស់គេមិនស្លូតឡើយ ។ 
 
ប្រកួតលើសង្វៀននេះដែរខ្លាចាស់ ហេង សំរាំង មកពីក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់រុស្ស៊ីឈ្មោះ អាធឺស ស៊ូស៊ីនស្ គី(Arthur Shushinsky)ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។ សំរាំង ធ្លាប់ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបកាលពីជិត២០ឆ្នាំមុនតែពេលនេះគេគ្រាន់តែជាខ្លាចាស់មួយជាគ្រូបង្វឹកមួយរូបប៉ុណ្ណោះគឺគេនៅសល់តែបច្ចេកទេសប៉ុណ្ណោះឯកម្លាំងមិនមានឡើយ ។ ចំពោះអ្នកប្រដាល់រុស្ស៊ីគេធ្លាប់ មកប្រកួតស្រុកខ្មែរ២-៣លើកហើយដោយមានឈ្នះមានចាញ់ ។ សំរាំង ខានឡើងសង្វៀនប្រកួតយូរហើយៗការវិលត្រឡប់មកកាន់ការប្រកួតលើកនេះមិនដឹងថាគេជួបសំណាងល្អឬសំណាងអាក្រក់នោះឡើយ ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់