ធន មករា ក្លាយជាម្ចាស់ពាន TV5 Boxing Series ជាមួយនឹងរង្វាន់ ៤.០០០ដុល្លារ

នូ មករា May 28, 2018


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតប្រដាល់ដណ្ដើមពានរង្វាន់ដែលមានឈ្មោះថា TV5 Boxing Knock-Out Series By K-Cement ទម្ងន់៥៧គីឡូក្រាមដែលបានចាប់ផ្ដើមពីថ្ងៃទី២០ ខែមករាមកនោះបានបញ្ចប់ហើយនៅយប់ថ្ងៃទី២៦ ខែសភាកន្លងមក ដោយអ្នកប្រដាល់ ធន មករា មកពីសមាគមប្រដាល់ក្រសួងការពារជាតិបានក្លាយជាម្ចាស់ពានរង្វាន់នៃព្រឹត្តិការណ៍នេះបន្ទាប់ពីប្រកួតផ្ដាច់ព្រ័ត្រឈ្នះអ្នកប្រដាល់វ័យក្មេងជើងខ្លាំងដូចគ្នា លន បញ្ញា មកពីក្លិបមហិទ្ធិរិទ្ធលោកតាដំបងដែកដោយពិន្ទុទាំងលំបាករួចមកនោះ ។
ក្នុងការប្រកួតដ៏តឹងតែងនេះ ទាំងពីរសុទ្ធតែប្រើស្នៀតសម្លាប់ពិសេសដើម្បីក្លាយជាជើងឯកដែលមានរង្វាន់អមចំនួន៤.០០០ដុល្លារ ។

នៅក្នុងស្ថានភាពប្រកួតនេះ មករា មានប្រៀបបន្តិចបន្តួចប៉ុណ្ណោះ ដោយពួកគេវាយគ្នាដោយប្រយ័ត្នប្រយែង និងមិនធ្វេសប្រហែសពីការការពារឡើយ ហើយបន្ទាប់ពីប្រកួតចប់ ធន មករា បានទទួលជ័យជម្នះដោយពិន្ទុហើយក្លាយជាម្ចាស់ពានរង្វាន់ដែលមានថវិកាអម ៤.០០០ដុល្លារ ។ ចំពោះបរាជ័យនេះ លន បញ្ញា ទទួលបានចំណាត់ថ្នាក់លេខ២ដែលមានពាន និងរង្វាន់អម២.០០០ដុល្លារ ។ ចំពោះការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣វិញនោះ យុគ យក្ស មកពីផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធដណ្ដើមបានចំណាត់ថ្នាក់នេះបន្ទាប់ពីប្រកួតឈ្នះ សង គង់ របស់ក្លិបអេភូថងកីឡាដោយពិន្ទុ ។ គួរបញ្ជាក់ថា ចំណាក់ថ្នាក់លេខ៣បានប្រាក់រង្វាន់៧៥០ដុល្លារ និង សង គង់ ដែលបានចំណាត់ថ្នាក់លេខ៤ បានរង្វាន់អម៥០០ដុល្លារ ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់