ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមឡើងសង្វៀនស្ដារឈ្មោះឡើងវិញ!

នូ មករា May 18, 2018


ភ្នំពេញ៖ ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមប្រដាល់គុនខ្មែរទម្ងន់៥៤គីឡូក្រាមកម្ពុជា វ៉ាន់ វឿន មកពីក្លិបឃ្លាំងមឿងកីឡានឹងឡើងសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១៩ឧសភាដើម្បីប្រកួតជាមួយអ្នកប្រដាល់ថៃ ឃុម ឡេក (Khum Lek) ។ សូមបញ្ជាក់ថា បន្ទាប់ពីដណ្ដើមបានមេដាយសំរឹទ្ធពីការប្រកួតកីឡាស៊ីហ្គេមមក វ៉ាន់ វឿន ហាក់ដូចជាជួបបរាជ័យរហូត ។ ចំណុចខ្សោយរបស់អ្នកប្រដាល់កម្ពុជារូបនេះគឺជើងក្រោមហើយសព្វថ្ងៃនេះគេកំពុងតែហ្វឹកហាត់នៅក្នុងក្រុមជម្រើសជាតិ ។ បេលនេះកម្លាំង និងកលល្បិចរបស់គេហាក់ល្អប្រសើរជាងមុនច្រើនហើយ ។ វ៉ាន់ វឿន មានប្រវត្តិប្រកួតចំនួន៦៤ដង ឈ្នះ៥១ដង ចាញ់១១ដង និងស្មើពិន្ទុ ២ ដង ។ នេះជាលើកដំបូងហើយ ដែលគេជួបប្រកួតជាមួយអ្នកប្រដាល់ថៃរូបនេះ ។ រីឯ ឃុម ឡេក វិញក៏ជាជើងខ្លាំងមួយរូបដែលមានប្រវត្តិប្រកួតចំនួន៦២ដង ឈ្នះ៥២ដង ចាញ់៩ដង និងស្មើពិន្ទុ ១ដង ។ជំនួបមួយនេះ វ៉ាន់ វឿន ត្រូវការឈ្នះដើម្បីស្ដារមុខមាត់ឡើងវិញតែមិនដឹងថាគេអាចធ្វើបានសម្រេចឬក៏យ៉ាងណា នោះឡើយ ។
ជាមួយគ្នានេះ សែម ណាង មកពីក្លិបសាលវ័ន្ដកីឡាដែលពេលនេះកំពុងតែហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិដែរនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ កង កាងវ៉ាន(Kong Kangwan)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។ នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ទាំង២រូបនេះជួបប្រកួតគ្នា ។ សំណាង មួយរយៈនេះគេកំពុងតែរីកចម្រើនខ្លាំងណាស់ពិសេសស្នៀតជង្គង់របស់គេអាចវាយចេញបានគ្រប់ស្ថានភាពជំហរ ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៦២ដង ចាញ់១០ដង និងស្មើពិន្ទុ ៣ដង ។ ចំពោះអ្នកប្រដាល់ថៃ កង កាងវ៉ាន វិញគេមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៦៧ដង ចាញ់១៧ដងស្មើពិន្ទុ ១ដង។ គេធ្លាប់មកប្រកួតស្រុកខ្មែរញឹកញាប់ណាស់គេជាអ្នកប្រដាល់ដែលមិនស្រួលទប់ទល់នោះទេ ។ ចាំមើលនរណា ឈ្នះក្នុងការប្រកួតនេះ?
 
 

មតិយោបល់