មាស សុជាតិ ស្វាគមន៍អ្នកប្រយុទ្ធឡាវ ចំណែក វេង សុភ័ក្ត្រ ប៉ះថៃនៅ MY TV

នូ មករា May 18, 2018


ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជា មាស សុជាតិ មកពីក្លិបឃ្លាំងមឿងកីឡាបានប្រកាសទុកជាមុនហើយថាលើសង្វៀន MY-TVនាយប់ថ្ងៃទី១៨ ខែឧសភានេះរូបគេបានត្រៀមខ្លួនល្អណាស់ដើម្បីស្វាគមន៍អ្នកប្រដាល់ឡាវ Chan Chai ។ បន្ទាប់ពីប៉ុន្មានប្រកួតចុងក្រោយរួចមកគេឃើញថា សុជាតិ ពុំសូវជួបសំណាងល្អនោះទេ ប៉ុន្តែគេបានសន្យាជាមួយក្លិបរបស់គេថាគេនឹងធ្វើឲ្យបានល្អព្រោះគេមិនចង់ឲ្យបាត់បង់អ្នកគាំទ្រគេបន្ថែមទៀតឡើយ ។ ជាអ្នកលេងកណ្ដាប់ដៃ និងកែងសកស្លាបនោះ សុជាតិ មានប្រវត្តិប្រកួតចំនួន៨០ដង ឈ្នះ៦៥ដង ចាញ់១៤ដងស្មើពិន្ទុ ១ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន ២១ដង ។

 

ចំពោះអ្នកប្រដាល់ឡាវ Chan Chai វិញក៏មិនខ្សោយដែរព្រោះគេធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់គ្រាន់បើមិនតែប៉ុណ្ណោះមានអ្នកប្រដាល់ខ្មែរមិនតិចទេដែលបរាជ័យក្រោមថ្វីដៃអ្នកប្រដាល់ឡាវរូបនេះ ។ គេមានប្រវត្តិប្រកួតចំនួន ៩៤ដង ឈ្នះ៦៣ដង ចាញ់២៨ដង ស្មើពិន្ទុ៣ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៦ដង ។ ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះមិនដឹងថានរណាជួបសំណាងល្អនោះទេ ។

 

ចំណែក វេង សុភ័ក្រ្ត របស់ក្លឹបទ័ពឆ័ត្រយោង៩១១ត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃ Tamrout Lek ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។ អ្នកប្រដាល់ថៃរូបនេះធ្លាប់បង្កព្យុះភ្លៀងលើសង្វៀននៅស្រុកខ្មែរញឹកញាប់ណាស់ ។ គេមានប្រវត្តិប្រកួតចំនួន ៩០ដង ឈ្នះ៧២ដង ចាញ់១៥ដងស្មើពិន្ទុ ៣ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៤ដង ។ ចំពោះ សុភ័ក្រ្ត វិញមួយរយៈនេះគេរីកចម្រើនខ្លាំងសម្បើមណាស់ ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៥៨ដង ឈ្នះ៤៨ដងចាញ់៩ដង និង ស្មើពិន្ទុ ១ ដងមិនតែប៉ុណ្ណោះគេធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំនួន១៦ដងទៀតផង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់