TV5 Boxing Knock-Out Series: លន បញ្ញា និង ធន មករា ជាតួឯកសម្រាប់វគ្គផ្ដាច់ព្រ័ត្រ!

នូ មករា May 13, 2018


ភ្នំពេញ៖ ទីបំផុតអ្នកប្រដាល់ ធន មករា មកពីសមាគមប្រដាល់ក្រសួងការពារជាតិ និង លន បញ្ញា មកពីក្លិបមហិទ្ធិរិទ្ធតាដំបងដែកបានក្លាយជាតួឯកវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement ។ អ្នកប្រដាល់វ័យក្មេងទាំង២រូបនេះបានប្រកួតឈ្នះគូប្រកួតរបស់ខ្លួននៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាយប់ថ្ងៃទី ១២ ខែឧសភាដូចគ្នា ។ ជាពិសេសស្ទើរតែចប់មួយព្រឹត្តិការណ៍នេះអ្នកប្រដាល់ទាំង ២ រូបនេះមិនទាន់ស្គាល់ចាញ់ដូចគ្នា ។
នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មករា បានផ្តួលអ្នកប្រដាល់ជើងចាស់ យុគ យក្សផ្លែ របស់ក្លិបបូរីរាជសីហ៍មានរិទ្ធមុនស្នូរជួងបញ្ចប់ទឹកទី៣ ។ យក្សផ្លែ ជាគូប្រកួតមួយរូបដែលនរណាៗក៏គិតថាជាគូប្រកួតខ្លាំងលំបាកបង្ក្រាបដែរ ដោយសារតែគេជាអ្នកប្រដាល់ដែលមានបទពិសោធន៍ខ្ពស់ដែលអាចផ្លាស់ប្ដូរឥរិយាបទប្រកួតទៅតាមរបៀបវ៉ៃរបស់គូប្រកួតបាន ។ ប៉ុន្តែពេលជួបជាមួយ មករា បែរជា យក្សផ្លែ វ៉ៃចេញមិនរួចទៅវិញ ។ បើគេហ៊ានបញ្ចេញអាវុធច្បាស់ជាត្រូវ មករា ច្រាស់តបមកវិញភ្លាមៗ ។យក្សផ្លែដែលជួបបរាជ័យនោះនៅសល់តែឱកាសដើម្បីដណ្ដើមយកចំណាត់ថ្នាក់លេខ៣តែប៉ុណ្ណោះទេ ។
ប្រកួតនៅវគ្គពាក់កណ្ដាផ្ដាច់ព្រ័ត្រនេះដែរអ្នកប្រដាល់ លន បញ្ញា បានឈ្នះអ្នកប្រដាល់ សង គង់ មកពីក្លិបអេភូថងកីឡាដោយពិន្ទុ ។ សង គង់ ដែលជួបបរាជ័យត្រូវប្រជែងដណ្ដើមតំណែងលេខ៣ ជាមួយអ្នកប្រដាល់ យុគ យក្សផ្លែ ជាបន្តទៀត ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់